ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ នឹងបើកការប្រជុំនៅថ្ងៃចន្ទនេះ ឆ្លើយតបទៅនឹងការស្នើសុំរបស់បារាំងនឹងអង់គ្លេស ឲ្យបង្កើតតំបន់សុវត្ថិភាព នៅព្រលានយន្តហោះក្រុងកាប៊ុល។ ការបង្កើតតំបន់សុវត្ថិភាពពិសេស គឺមានន័យថា ត្រូវតែមានកងកម្លាំងអន្តរជាតិ ទៅយាមការពារសន្តិសុខ។
ក្រុមតាលីបង់ តាមរយៈអ្នកនាំពាក្យឈ្មោះ Souhail Shaheen បានប្រកាសថា ក្រុមគេ នឹងមិនអនុញ្ញាត ឲ្យបង្កើតតំបន់សុវត្ថិភាពនេះទេ។ ក្រុមតាលីបង់បានអះអាងថា មិនមានប្រយោជន៍ទេ ព្រោះថាពួកគេ នឹងមិនទៅរារាំង មិនឲ្យមនុស្សធ្វើដំណើរ ចាប់ពីថ្ងៃទី១កញ្ញាទៅទេ។ ដូច្នេះមិនចាំបាច់មានតំបន់សុវត្ថិភាពពិសេសអ្វីទេ។
យ៉ាងណាមិញ កាលពីថ្ងៃអាទិត្យ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តបានចេញលិខិតមួយ ដោយលើកឡើងថា ក្រុមតាលីបង់ពិតជាបានធានាអះអាងប្រាប់ទៅគេមែន ថានៅក្រោយថ្ងៃទី៣១សីហា គឺប្រជាជនអាហ្វហ្កានីស្ថាន នៅតែអាចធ្វើដំណើរចាកចេញពីប្រទេសបាន ដោយសុវត្ថិភាពធម្មតាទេ ឲ្យតែអ្នកនោះមានឯកសារធ្វើដំណើរត្រឹមត្រូវ។
គឺនៅក្រោយការធានាអះអាង របស់ក្រុមតាលីបង់នេះហើយ បានជានៅថ្ងៃចន្ទនេះ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានបើកការប្រជុំមួយ តាមប្រព័ន្ធវីដេអូខុនហ្វឺរិនស៍ ជាមួយនឹងរដ្ឋមន្ត្រីក្រសួងការបរទេសប្រទេសសម្ព័ន្ធមិត្ត មានដូចជា បារាំង កាណាដា អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន អង់គ្លេស តួកគី កាតា ព្រមទាំងសហភាពអឺរ៉ុប និងអង្គការអូតង់ផង។ យោងតាមលិខិតប្រកាស របស់ក្រសួងការបរទេសអាេមរិក គឺអាមេរិកនិយាយមួយប្រទេសសម្ព័ន្ធមិត្តសំខាន់ៗទាំងនេះ ដើម្បីគូសវាសវិធានការ ក៏ដូចជារៀបចំការងារ ត្រូវធ្វើយ៉ាងណាខ្លះ នៅក្រោយថ្ងៃទី៣១សីហា នៅពេលដែលទាហានអាមេរិកចាកចេញអស់។
ដោយឡែក បើផ្អែកតាមប្រសាសន៍ របស់លោកម៉ាក្រុង កាលពីថ្ងៃអាទិត្យម្សិលមិញ គឺគេបានពឹងប្រទេសកាតា ដោយជួយសម្រួល និយាយជាមួយក្រុមតាលីបង់ ដើម្បីបន្តការងារដឹកជម្លៀសប្រជាជនអាហ្វហ្កានីស្ថាន ដែលនៅសេសសល់៕
មតិយោបល់