កណ្តាលៈ យោងតាមផេក ប៉ុស្តិ៍នគរបាលរដ្ឋបាលដើមមៀន បានឲ្យដឹងថានៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ១៨ និង ៥០ នាទី មានករណីកូនប្រុសម្នាក់ ខឹងសុំលុយម្តាយចំនួន០៣ដុល្លារ ដើម្បីយកទៅលស់ទូរស័ព្ទ តែម្តាយមិនឲ្យ ស្រាប់តែខឹងដុតផ្ទះបណ្តាលឲ្យឆេះខូចខាត១ខ្នង ស្ថិតត្រង់ចំណុចផ្ទះជនរងគ្រោះ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ជនរងគ្រោះ(ម្តាយបង្កើត)ឈ្មោះ ចាប ចាន់ណារី ភេទស្រី អាយុ៥១ឆ្នាំ ជនជាតិខ្មែរ ទីលំនៅកន្លែងកើតហេតុ មុខរបរមន្ត្រីសាលាខេត្តកណ្តាល ។ ចំណែកជនសង្ស័យ (កូនបង្កើត) ឈ្មោះ ស៊ិន ប្រសិដ្ឋ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ទីលំនៅកន្លែងកើតហេតុ មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន) ។
សម្ភារ:ខូចខាត៖ ឆេះផ្ទះអស់១ខ្នង ថ្មក្រោម ឈើលើ ដំបូលស័ង្កសីទំហំ៥ម×៧ម ។ ប្រាក់រៀលចំនួន៤០ម៉ឺន ។ ប្រាក់ដុល្លារជាងមួយពាន់ដុល្លារ ។ សម្ភារ:ប្រើប្រាស់ក្នុងផ្ទះឆេះអស់ទាំងស្រុងព្រមទាំងឯកសារមួយចំនួន ។
វត្ថុតាងចាប់យក៖ ទូរស័ព្ទដៃចំនួន១គ្រឿងម៉ាក NOKIA ចុចពិលពណ៌ខៀវ (របស់ជនសង្ស័យ) ។
សភាពនៃរឿងហេតុ៖ នៅមុនពេលកើតហេតុ ជនសង្ស័យបានទារលុយពីជនរងគ្រោះជាម្តាយចំនួន៣០ដុល្លារ ដើម្បីយកទៅលស់ទូរស័ព្ទ តែជនរងគ្រោះមិនអោយ ធ្វើអោយជនសង្ស័យខឹងបាននិយាយគំរាមថា តិចទៀតដឹងគ្នាហើយ និងមានអីកើតឡើង និយាយរួចជនសង្ស័យ បានដើរចេញពីផ្ទះបាត់ទៅ ។ លុះដល់វេលាកើតហេតុខាងលើ ស្រាប់តែឃើញជនសង្ស័យ បានដើរត្រឡប់មកផ្ទះវិញ ឃើញដូចនោះ ជនរងគ្រោះខ្លាចជនសង្ស័យ អុកឡុកទារលុយទៀត ក៏បាននាំកូនស្រីឡើងទៅលើផ្ទះទាញទ្វារបិទ ចំណែកឯជនសង្ស័យដើរចូលទៅក្នុងផ្ទះជាន់ក្រោម បានរយ:ពេលប្រហែល២០នាទីក្រោយមក ស្រាប់តែជនរងគ្រោះធុំក្លិនឈ្ងៀមផ្សែងភ្លើង ពេលនោះជនរងគ្រោះ បានបើកទ្វារចេញមកឃើញភ្លើងឆេះពីបន្ទប់ខាងក្រោមផ្ទះយ៉ាងសន្ធោសន្ធៅ ហើយបានឃើញជនសង្ស័យ ដើរចេញទៅពួនក្រោយផ្ទះ
ហើយពេលគេផ្អើលឆោឡោ ស្រាប់តែជនសង្ស័យបានគេចខ្លួនបាត់តែម្តង ។
បន្ទាប់មកជនរងគ្រោះរាយការណ៍ ប្រាប់សមត្ថកិច្ចអោយជួយអន្តរាគមន៍ ហៅរថយន្តពន្លត់អគ្គិភ័យ និងបានឃាត់ខ្លួនជនសង្ស័យ បញ្ជូនបន្តមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីធ្វើការសាកសួរ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ ពុំព្រមឆ្លើយសារភាពឡើយ ហើយកន្លងមកជនសង្ស័យ ធ្លាប់បានប្រើអំពើហិង្សាគំរាមសម្លាប់ជនរងគ្រោះ គំរាមដុតផ្ទះចោល ពេលទារលុយពីជនរងគ្រោះមិនបានម្តងៗ ។ បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួន ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕
មតិយោបល់