ព័ត៌មានជាតិ

ក្រុមការងារបរិស្ថានគ្មានផ្សែងបារីបង្រៀន មន្ត្រីអធិការកិច្ចទេសចរណ៍ ពីផលប៉ះពាល់ នៃផ្សែងបារី

ភ្នំពេញៈ ក្រសួងទេសចរណ៍ សហការជាមួយអង្គការចលនាដើម្បីសុខភាព កម្ពុជា (CMH) នៅថ្ងៃទី២៣ ខែសីហានេះ បានរៀបចំ វគ្គបណ្តុះបណ្តាល ស្តីពីការអនុវត្ត បរិស្ថានគ្មានផ្សែងបារី ដល់មន្រ្តីអធិការកិច្ចទេសចរណ៍ ក្នុងគោលបំណង ជំរុញឲ្យ មន្ត្រីអធិការកិច្ចទាំង២៥រាជធានី-ខេត្ត អនុវត្តនូវ សេចក្តីណែនាំនេះ ឲ្យមានប្រសិទ្ធភាពខ្ពស់។

សិក្ខាសាលានេះ បានធ្វើនៅក្រសួងទេសចរណ៍ ដោយមានការ អញ្ជើញ ចូលរួម ពីមន្រ្តីអធិការកិច្ចទេសចរណ៍ និងមន្រ្តីជំនាញផ្នែក ឧស្សាហកម្ម ទេសចរណ៍ រាជធានី ខេត្តទាំង២៥ និងនាយកដ្ឋានអធិការ នៃក្រសួងទេសចរណ៍។

លោក ហោ សារុន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានថ្លែងថា នេះគឺជាការរួមចំណែកយ៉ាងធំធេង របស់ក្រសួងទេសចរណ៍ ក្នុងការកាត់ បន្ថយ ការកើតជំងឺពិការភាព និងមរណភាព ដែលបង្កដោយការប្រើប្រាស់ ផលិតផលថ្នាំជក់ ធ្វើឲ្យប្រជាពលរដ្ឋកម្ពុជា ប្រមាណ១០.០០០(មួយម៉ឺន)នាក់ ស្លាប់ជារៀងរាល់ឆ្នាំ គិតជាមធ្យម ប្រមាណ៣០នាក់ ស្លាប់ក្នុងមួយថ្ងៃៗ។ អ្នកគ្រប់គ្រង ឬ ម្ចាស់មូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ ត្រូវអនុវត្ត តាមសេចក្ដីណែនាំលេខ ០០៧ សណន របស់ក្រសួង ទេសចរណ៍ ។

លោកបានបន្ថែមថា ដើម្បីចូលរួមក្នុងការពង្រឹង ការអនុវត្តច្បាប់ ស្តីពីការត្រួតពិនិត្យ ផលិតផលថ្នាំជក់ និងលិខិត បទដ្ឋានគតិយុត្តិ ទាំងឡាយក្នុងវិស័យទេសចរណ៍ ឲ្យមានប្រសិទ្ធភាពពេញលេញ ក្រសួងទេសចរណ៍ បានដាក់ចេញនូវ សេចក្ដីណែនាំលេខ ០០៧សណន ស្ដីពីបរិស្ថានគ្មានផ្សែងបារី ដល់អ្នកគ្រប់គ្រង ឬម្ចាស់ មូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ទូទាំង ព្រះរាជាណាចក្រកម្ពុជា។ សេចក្តីណែនាំនេះ តម្រូវឲ្យអ្នកគ្រប់គ្រង ឬម្ចាស់មូលដ្ឋាន អាជីវកម្ម សេវាកម្មទេសចរណ៍ ទាំងអស់អនុវត្តឲ្យបានខ្ជាប់ខ្ជួន តាមចំណុចទាំង៦ រួមមាន៖ ត្រូវបិទស្លាកសញ្ញាហាមជក់បារី នៅកន្លែងមើលឃើញច្បាស់ មិនត្រូវដាក់តាំង ឬបង្ហាញប្រដាប់គោះបារី នៅកន្លែង ហាមឃាត់ មិនឲ្យជក់និងបង្ហុយផ្សែង ផលិតផលថ្នាំជក់ ត្រូវបង្គាប់មិនឲ្យជក់ ឬបង្ហុយផ្សែង ផលិតផលថ្នាំជក់ ចំពោះជនណាដែលមិន អនុវត្តតាមស្លាក បម្រាមហាមជក់ មិនត្រូវផ្សាយពាណិជ្ជកម្ម ផលិតផលថ្នាំជក់ក្នុងមូលដ្ឋាន របស់ខ្លួន អាចដាក់តាំងបង្ហាញ កញ្ចប់ផលិតផលថ្នាំជក់ធម្មតា បានតែបារី១កញ្ចប់ ក្នុង១ម៉ាក ក្នុងទូឬសម្ភារៈ តាំងបង្ហាញពណ៌ត្នោត ដែលមានទំហំមិនលើសពី ២០០០សង់ទីម៉ែត្រ ត្រូវដាក់តាំងបង្ហាញ ឬលក់តែផលិតផលថ្នាំជក់ ដែលមានសារព្រមានសុខភាព ជាភាសាខ្មែរ និងជារូបភាពទំហំ៥៥% បោះពុម្ភ លើផ្នែកខាងលើ នៃកញ្ចប់ផលិតផល ថ្នាំជក់ទាំងសងខាង។

គួរបញ្ជាក់ថា ចំពោះអ្នកគ្រប់គ្រង ឬម្ចាស់មូលដ្ឋានអាជីវកម្ម សេវាកម្ម ទេសចរណ៍ទាំងឡាយ ណាដែលមិនអនុវត្ត តាមចំណុចណាមួយ នៃសេចក្ដីណែនាំខាងលើ ក្រសួងទេសចរណ៍នឹងមិនផ្ដល់ ឬបន្តអាជ្ញាប័ណ្ ណទេសចរណ៍ឲ្យឡើយ។

លោក ហោ សារុន បានលើកឡើងបន្តថា កន្លងមក យើងសង្កេតឃើញថា ការអនុវត្តច្បាប់ស្តីពី ការត្រួតពិនិត្យ ផលិតផល ថ្នាំជក់ និងលិខិតគតិយុត្តិ ក្រោមច្បាប់នេះ នៅមិនទាន់បានពេញលេញនៅឡើយ នៅមានការខ្វះខាត ដូចជាការផ្សាយពាណិជ្ជកម្ម បារីនៅតែបន្ត ការហាមឃាត់ការជក់បារី នៅក្នុងអគារ នៃមូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ នៅមានចន្លោះ ប្រហោងនៅឡើយ។

លោក សំ សេង អនុប្រធាននាយកដ្ឋានឩស្សាហកម្មទេសចរណ៍ បានឲ្យដឹងថា បច្ចុប្បន្នបរិយាកាសគ្មានផ្សែងបារី ជាបរិបទមួយ ដែលពិភពលោក ក៏ដូចជាក្នុងតំបន់ បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្ពស់ ក្នុងការត្រួតពិនិត្យ ផលិតផលថ្នាំជក់ ដែលអាចធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន និងរស់នៅរបស់ ប្រជាពលរដ្ឋទូទាំងពិភពលោក ក៏ដូចជាប្រទេស កម្ពុជាផងដែរ។

លោក មុំ គង់ ប្រធានអង្កការ ចលនាដើម្បីសុខភាព កម្ពុជាបង្ហាញថា ផ្សែងបារី បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សុខភាពមនុស្ស ទាំងជំងឺឆ្លង និងជំងឹមិនឆ្លង លើសពីនេះផ្សែងបារី បានបង្ករឲ្យ ខាតបង់ អាយុជីវិត មនុស្សរាប់លានក្នុងមួយឆ្នាំៗ និងធ្វើឲ្យខាតបង់ ថវិកាគ្រួសារ និងថវិកាជាតិ រាប់រយលានដុល្លារក្នុង១ឆ្នាំៗផងដែរ៕

photo_2016-08-23_10-43-30 photo_2016-08-23_10-43-31 photo_2016-08-23_10-43-33 photo_2016-08-23_10-43-39

មតិយោបល់