ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

១ថ្ងៃកន្លះនៃការប្រឡងបាក់ឌុប មានស្ថានភាពល្អប្រសើរ ទោះបីមានបញ្ហាតិចតួច

ភ្នំពេញៈ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិហៅថា បាក់ឌុប ឆ្នាំសិក្សា២០១៥-២០១៦ បានដំណើរការអស់រយៈពេលមួយថ្ងៃកន្លះ គេសង្កេតឃើញជាទូទៅបានដំណើរការដោយរលូនល្អ ទោះបីវាមានបញ្ហាខ្លះៗក៏ដោយ។

តាមសេចក្តីរាយការណ៍ថា បេក្ខជនប្រឡង ដែលមានបញ្ហាសុខភាពខ្យល់គរ វិលមុខជាង១០នាក់កាលពីម្សិលមិញនោះ បានវិលមកចូលប្រឡងជាធម្មតាវិញ។ ចំពោះមុខវិជ្ជា ដែលអាក់ខានប្រឡងនោះ នឹងត្រូវប្រឡងសងលើមុខវិជ្ជានោះវិញ។

ប៉ុន្តែទោះជាយ៉ាងណា បើតាមក្រសួងអប់រំ បន្តឲ្យដឹងថា មានបេក្ខជនមានបញ្ហាសុខភាពក្នុងពេលប្រឡងអាចបន្តប្រឡងបានឡើងវិញ ក្រោយការជួយសង្គ្រោះ លើកលែងតែ១ករណី នៅខេត្តកំពង់ធំប៉ុណ្ណោះ។ ក្រសួងសង្កេតឃើញថា បេក្ខជនបានគោរពបទបញ្ញត្តិនៃការប្រឡងយ៉ាងល្អ មានការជឿជាក់ និងធ្វើកិច្ចការបានច្រើន ពោលគឺពុំមានឧបទ្ទវហេតុអ្វីកើតឡើងគួរឲ្យកត់សម្គាល់ឡើយ។

គួរជម្រាបផងដែរថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា ឬបាក់ឌុប ប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ ដែលមានថ្នាក់វិទ្យាសាស្ត្រ និងថ្នាក់វិទ្យាសាស្ត្រសង្គម រួមមានបេក្ខជនប្រឡងសរុបចំនួន ៩៣៧៥២នាក់ មានមណ្ឌលប្រឡងសរុបចំនួន១៥៧ ចែកចេញជា ៣៧៨២បន្ទប់ នៅរាជធានីខេត្តទាំង២៥ ទូទាំងប្រទេស។

ចំណែកលទ្ធផលនៃការប្រឡង នឹងប្រកាសជូននៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ ចំពោះមណ្ឌលប្រឡងក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល។ ដោយឡែក បណ្ដាខេត្តផ្សេងទៀត នឹងប្រកាសជូននៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦៕

ប្រឡងបាក់ឌុប (1)ប្រឡងបាក់ឌុប (2)ប្រឡងបាក់ឌុប (3)ប្រឡងបាក់ឌុប (4)ប្រឡងបាក់ឌុប (5)ប្រឡងបាក់ឌុប (6)ប្រឡងបាក់ឌុប (7)ប្រឡងបាក់ឌុប (8)ប្រឡងបាក់ឌុប (9)ប្រឡងបាក់ឌុប (10)ប្រឡងបាក់ឌុប (11)ប្រឡងបាក់ឌុប (12)

មតិយោបល់