ព័ត៌មានជាតិ

រថយន្តបែនបើកជែង ជ្រុលទៅបុកឡានដឹកស្មាតបត បណ្តាលឲ្យរងការខូចខាត

ភ្នំពេញ: កាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រវាងរថយន្តបែន១គ្រឿង បើកបរក្នុងល្បឿនលឿនជែង រួចក៏ជ្រុលទៅបុកជាមួយរថយន្តដឹកស្មាតបត១គ្រឿងទៀត កំពុងបើកបរធ្វើដំណើរក្នុងទិសដៅបញ្ចា្រសទិសគ្នាចំពីមុខតែម្ដង បណ្ដាលឲ្យរងការខូចខាតទាំងសងខាង ប៉ុន្តែសំណាងល្អពុំបណ្ដាលឲ្យនរណាម្នាក់ រងរបួសឬក៏ស្លាប់នោះឡើយ ស្ថិតតាមផ្លូវបេតុងចូលវត្តពោធិ៍វ័ន ក្នុងភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា រថយន្តបែនខាងលើនោះម៉ាកនីស្សាន់ ពណ៌ស ពាក់ស្លាកលេខចង្កូតស្ដាំ PP-0086 បើកបរដោយបុរសម្នាក់ពុំស្គាល់ឈ្មោះ ។ ដោយឡែករថយន្តដឹកស្មាតបត ពណ៌លឿន ពាក់ស្លាកលេខភ្នំពេញ 3A-6196 បើកបរដោយបុរសពុំស្គាល់ឈ្មោះម្នាក់ និងអ្នករួមដំណើរ មិនស្គាល់អត្តសញ្ញាណដូចគ្នាដែរ ។

ប្រភពដដែលបានប្រាប់ឲ្យដឹងបន្តទៀតថា នៅមុនពេលកើតហេតុ រថយន្តទាំង២គ្រឿង បានបើកបរធ្វើដំណើរបញ្រ្ចាសទិសគ្នា ដោយរថយន្តបែនដឹកថ្ម ម៉ាកនីស្សាន់បើកពីលិចទៅកើត ហើយបានជែងរថយន្ត និងម៉ូតូដែលនៅខាងមុខជាបន្តបន្ទាប់ ។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ក៏ជ្រុលទៅបុកជាមួយរថយន្តដឹកស្មាតបត ដែលកំពុងបើកបរធ្វើដំណើរ ក្នុងទិសដៅបញ្ចាសទិសគ្នា ពីកើតទៅលិចចំពីមុខតែម្ដង ។ ខណ:នោះបានបណ្ដាលឲ្យរងការខូចខាតទាំងសងខាង ប៉ុន្តែសំណាងល្អ ពុំបណ្ដាលឲ្យនរណាម្នាក់រងរបួសឬក៏ស្លាប់នោះឡើយ ។ ក្រោយពេលកើតហេតុ នគរបាលប៉ុស្តិ៍សំរោងក្រោម បានចុះទៅអន្តរាគមន៍ រួចឲ្យភាគីទាំង២ ធ្វើការសម្របសម្រួលគ្នាបញ្ចប់រឿង ៕

មតិយោបល់