ពោធិ៍សាត់ៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា បុរសម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញស្លាប់ក្នុងទឹកអូរ ស្ថិតនៅចំណុចអូរបឹងប្រិយ៍ ក្នុងភូមិបឹងប្រិយ៍ ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង១៦និង០០នាទីរសៀល ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ ។
លោកអនុសេនីយ៍ឯក លន់ ប៊ុនរ៉ា នាយប៉ុស្តិ៍នគរបាលត្រពាំងជង បានប្រាប់ឲ្យដឹងថា ក្រោយទទួលព័ត៌មានពីប្រជាពលរដ្ឋ លោកបានរាយការណ៍ជូនកម្លាំងជំនាញផ្នែកពិនិត្យវិភាគទីកន្លែងកើតហេតុ បានសហការជាមួយ កម្លាំងជំនាញការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រខេត្ត និងគ្រូពេទ្យកោសល្យវិច្ច័យពេទ្យខេត្ត បានចុះទៅដល់កន្លែងកើតហេតុ និងធ្វើការពិនិត្យ ទីកន្លែងកើតហេតុ ស្ថិតនៅខាងជើងឈាងខាងកើតផ្ទះរបស់សពប្រហែល៣០០ម៉ែត្រ ។
ដោយសពត្រូវបានក្រុមគ្រួសារលាងសំអាត យកមកតម្កល់នៅលើគ្រែមុខផ្ទះរបស់ឈ្មោះ នៅ ស្រីល័ក្ខ ភេទស្រី អាយុ២៨ឆ្នាំ ត្រូវជាប្រពន្ធជនរងគ្រោះ ស្ថិតក្នុងភូមិ-ឃុំខាងលើ ។
ក្រោយធ្វើការពិនិត្យលើសពជនរងគ្រោះឈ្មោះ ឌំ គក់ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មានកម្ពស់១.៦០ម៉ែត្រ សម្បុរខ្មៅស្រអែម មុខរបរកសិករ មានទីលំនៅភូមិបឹងប្រិយ៍ ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ។ សពមានសភាពរឹងតាមសន្លាក់ លើផ្នែកក្បាល ដងខ្លួន និងអវៈយវៈ គ្មានស្លាកស្នាមអ្វីគួរអោយសង្ស័យ យោងតាមការបំភ្លឺជុំវិញទីកន្លែងកើតហេតុ និងការពិនិត្យសាកសពជាមួយគ្រូពេទ្យជំនាញ សន្និដ្ឋានបានថា ជនរងគ្រោះឈ្មោះ ឌំ គក់ ពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន ដោយសពខាងលើបានស្លាប់លើសពី០៦ម៉ោងឡើង ។
បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់អោយក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់