(តាលិន)៖ អេស្ដូនី អាចនឹងរលាយបាត់ចេញពីផែនទីពិភពលោក ហើយរដ្ឋធានីតាលិនអាចនឹងខ្ទេចខ្ទីរាបដល់ដី នៅក្រោមផែនការរបស់ បក្សសម្ព័ន្ធយោធា NATO ដែលមានស្រាប់នាពេលបច្ចុប្បន្ន ដើម្បីការពារប្រទេសក្នុងតំបន់បាល់ទិកពីការវាយប្រហារណាមួយពីសំណាក់ រុស្ស៉ី។
នាយករដ្ឋមន្ត្រីអេស្ដូនី លោកស្រី កាចា កាឡាស់ (Kaja Kallas) ធ្វើការកត់សម្គាល់ខាងលើប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃពុធសប្ដាហ៍នេះ ជាមួយការរិះគន់ថាផែនការការពាររដ្ឋទាំង៣ ក្នុងតំបន់បាល់ទិក ដែលមានស្រាប់របស់ NATO មិនអាចការពារពួកគេពីការឈ្លានពាន នោះទេ។ បន្ថែមពីលើនេះ តាមរយៈការប្រៀបធៀបទៅនឹងសង្រ្គាមនៅអ៊ុយក្រែន លោកស្រី កាឡាស់ ក៏បានសង្កត់ធ្ងន់ផងដែរថាសង្រ្គាម នៅអ៊ុយក្រែន បានអូសបន្លាយពេលដល់ច្រើនជាង ១០០ថ្ងៃហើយ តែប្រសិនបើប្រៀបធៀបទំហំទឹកដីអ៊ុយក្រែន និងប្រទេសទាំង៣ ក្នុងតំបន់បាល់ទិក នោះមានន័យថារដ្ឋបាល់ទិកទាំង៣ នឹងត្រូវបានបំផ្លាញទាំងស្រុងបាត់ចេញពីផែនទីពិភពលោក។
ការអត្ថាធិប្បាយខាងលើរបស់លោកស្រី កាឡាស់ កើតមានឡើង នៅមុនកិច្ចប្រជុំកំពូល NATO ដែលនឹងត្រូវរៀបចំឡើង ក្នុងទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ នៅថ្ងៃអង្គារសប្ដាហ៍ក្រោយនេះ។ កិច្ចពិភាក្សានឹងផ្ដោតសំខាន់លើការពង្រឹងខែ្សការពារក្នុងតំបន់ អឺរ៉ុបខាងកើត ក្នុងនោះរួមមានទាំងតំបន់បាល់ទិក ដែលមានប្រទេសចំនួនគឺ អេស្ដូនី លីទុយអានី និងឡេតូនី។ រដ្ឋក្នុងតំបន់បាល់ទិកទាំង៣ បានអំពាវនាវឱ្យ NATO ដាក់ពង្រាយកងទ័ពបន្ថែមលើទឹកដីរបស់ខ្លួន ហើយបើតាមលោកស្រី កាឡាស់ ចំនួនកងទ័ព NATO ក្នុងរដ្ឋបាល់ទិកនីមួយៗ គួរតែបង្កើនចន្លោះ ២០,០០០ ដល់ ២,៥០០០នាក់៕
ប្រភព៖ Financial Times
មតិយោបល់