សៀមរាបៈ ឃើញថា ករណីគ្រោះថ្នាក់ចរាចរណ៍បន្តកើតមានស្ទើរជារៀងរាល់ថ្ងៃ បង្កឡើងដោយមនុស្សមិនមានការប្រុងប្រយ័ត្ន និងមិនគោរពច្បាប់ចរាចរណ៍នៅពេលបញ្ជាយានយន្តគ្រប់ប្រភេទនៅលើងដងផ្លូវសាធារណៈ។ ជាក់ស្ដែង នៅវេលាម៉ោង០៧ និង០០នាទីព្រឹក ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ លើកំណត់ផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិដំរីឆ្លង ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប មានករណីគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យមានមនុស្សស្លាប់ និងរងរបួសធ្ងន់ បង្កឡើង ដោយរយន្ត និងម៉ូតូ។
លោករវសេនីយ៍ត្រី សុខ សុទ្ធាវុធ អធិការនគរបាលស្រុកជីក្រែង បានឲ្យដឹងថា នៅក្នុងស្រុកជីក្រែង មានករណីគ្រោះថ្នាក់ចរាចរណ៍ បង្ករឲ្យមានមនុស្សស្លាប់ និងរងរបួសធ្ងន់ រវាងរថយន្តម៉ាក់កាំម៉ារី CAMRY ៩៣ ចង្កូតឆ្វេង ពាក់ស្លាកលេខភ្នំពេញ 2I:5130 និងម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ផលិតនៅឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខសៀមរាប 1K:2630 បើកបរស្របទិសគ្នាពីកើតទៅលិច ដោយម៉ូតូបើកមុនរថយន្ត ដល់ចំណុចកើតហេតុម៉ូតូបានបត់ឆ្វេងចូលវត្តដោយមិនមានការប្រុងប្រយ័ត្ន ក៏ត្រូវរថយន្តមកពីក្រោយបុកបណ្ដាលឲ្យមានមនុស្សស្លាប់ និងរងរបួសធ្ងន់។
លោកអធិការនគរបាលស្រុក បានបញ្ជាក់ថា អ្នកបើកបរម៉ូតូមានឈ្មោះ ណេរ កូនង៉ា ភេទស្រី អាយុ១៥ឆ្នាំ រងបួសធ្ងន់ បានឌុបឪពុក និងម្តាយទៅវត្ត បណ្ដាលឲ្យឪពុកឈ្មោះ ណែម នេ អាយុ៥៥ឆ្នាំ ស្លាប់ និងម្តាយឈ្មោះ ខ្លូត ហន អាយុ៥៥ឆ្នាំរងរបួសធ្ងន់ ជនរងគ្រោះទាំង០៣នាក់ មានទីលំនៅភូមិបុស្សគរ ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប។
ក្រោយពីកើតហេតុ កម្លាំងសមត្ថកិច្ចនគរបាលស្រុក បានចុះទៅពិនិត្យ និងវាស់វេងកន្លែងកើតហេតុ ហើយបានធ្វើកំណេតហេតុ ប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យ រីឯអ្នករងរបួសធ្ងន់ ត្រូវបានដឹកយកទៅជួយសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ។
លោកអធិការនគរបាលស្រុក បានបញ្ជាក់បន្ថែមទៀតថា អ្នកបើកបររថយន្តក្រោយពីបានបុកជនរងគ្រោះឲ្យស្លាប់ និងរងរបួសរួច ទុកឡានចោលចុះរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ។
បច្ចុប្បន្ន រថយន្ត និងម៉ូតូត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីរៀបចំសំណុំរឿងទៅតាមនីតិវិធីច្បាប់៕
មតិយោបល់