ភ្នំពេញៈ កាលពីវេលាម៉ោង ២រំលងអាធ្រាត្រឈានចូលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ មានករណីយុវជន ២នាក់ ត្រូវជនសង្ស័យមួយក្រុមធ្វើសកម្មភាពដេញកាប់ប្លន់យកម៉ូតូ ត្រង់ចំណុចខាងត្បូងប្រមាណ ៥០ម៉ែត្រ ពីស្ពានអាកាសផ្សារដីហុយ តាមបណ្ដោយផ្លូវណត ប្រ៊ីត សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនសង្ស័យឃាត់បានម្នាក់ឈ្មោះ ប៊ុត យ៉ាបុត្រ ភេទប្រុស មុខរបរសិស្ស រស់នៅជិតអង្តែនទួលគោក ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជនរងគ្រោះសូមមិនបញ្ចេញឈ្មោះបានជិះម៉ូតូម៉ាក ឌ្រីមសេ125 ស៊េរីឆ្នាំ២០២១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IV.7773 ជិះគ្នា២នាក់។
យោងតាមប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា ដំបូងឡើយពួកគាត់មានគ្នា ៤នាក់ ជិះម៉ូតូ ៣គ្រឿង ចេញពីកោះពេជ្រក្នុងគោលបំណងទៅផ្ទះនៅផ្សារដីហ៊ុយ លុះធ្វើដំណើរមកដល់ចំណុចរង្វង់មូលនាងគង់ហ៊ីង ក៏ស្រាប់តែលេចមុខជនសង្ស័យ ១ ក្រុមជិះម៉ូតូជាច្រើនគ្រឿង តាមមកពីក្រោយ ដោយភ័យពេកក៏បើកម៉ូតូគេចចេញរៀងៗខ្លួន។ ហើយជនសង្ស័យជិះដេញតាមពីក្រោយ រហូតមកដល់ផ្លូវ១៨២ ឡើងមកផ្លូវសហព័ន្ធរុស្ស៊ី ខណៈមកដល់ចំណុចមុខវត្តឥដ្ឋបូរី ជនរងគ្រោះក្រឡេកឃើញប្រជាការពារ ក៏ស្រែកហៅឲ្យពួកគាត់ជួយ ពេលនោះប្រជាការពារក៏ជិះម៉ូតូដេញតាមពីក្រោយ រហូតដល់កន្លែងកើតហេតុខាងលើ ជនរងគ្រោះបានផ្ដួលម៉ូតូ និងដកសោរត់។ ហើយជនសង្ស័យជិះម៉ូតូហួសទៅបានបន្តិច ក៏ត្រឡប់មកវិញ បានចុះលើកម៉ូតូរបស់ជនរងគ្រោះបំណងជិះចេញ តែអត់ឃើញមានសោក៏ដាក់ម៉ូតូចុះវិញ។
ករណីនេះ ជនរងគ្រោះ និងជនសង្ស័យ បានវាយតបគ្នា បណ្ដាលឲ្យជនសង្ស័យរងរបួសម្នាក់ ហើយប្រជាការពារមកដល់បានជួយដេញចាប់ ប៉ុន្តែត្រូវជនសង្ស័យកាប់ត្រូវកូនដៃរងរបួស។
ក្រោយពីកើតហេតុសមត្ថកិច្ច ចុះមកដល់ទីតាំងកន្លែងកើតហេតុ ចាប់បានជនសង្ស័យម្នាក់ រីឯបក្ខពួកច្រើននាក់ទៀត ជិះម៉ូតូគេចខ្លួនបាត់ស្រមោល រួចក៏នាំជនសង្ស័យដែលចាប់បាន ព្រមទាំងជនរងគ្រោះ ទៅប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម ដើម្បីឲ្យជនរងគ្រោះដាក់ពាក្យបណ្ដឹងដាក់បន្ទុកទៅលើជនសង្ស័យ តាមនីតិវិធីច្បាប់៕
មតិយោបល់