(វ៉ាស៉ីនតោន)៖ សហរដ្ឋអាមេរិក បានអះអាងថា ខ្លួននឹងឈរយ៉ាងរឹងមាំនៅពីក្រោយការសម្រេចចិត្តរបស់លីទុយអានី និងអង្គការណាតូ (NATO) ដើម្បីការពារខ្លួន ជាមួយការរំឮករុស្ស៉ីថាការវាយប្រហារណាមួយលើលីទុយអានី គឺជាការវាយប្រហារលើណាតូទាំងមូល។
ប្រទេសលីទុយអានី បានដាក់កម្រិតលើការដឹកជញ្ជូនទំនិញតាមរថភ្លើង ជាផ្នែកនៃការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុប ទៅនិងមកតំបន់ កាលីនីងក្រាដ (Kaliningrad) របស់រុស្ស៉ី ស្ថិតចន្លោះលីទុយអានី និងប៉ូឡូញ។ រុស្ស៉ីបានព្រមានឆ្លើយតបជាក់ស្តែងវិញដោយហៅ សកម្មភាពនេះថាជាជំហរអមិត្ត។
យ៉ាងណាក៏ដោយ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក នេត ប្រាយស៍ (Ned Price) បានប្រាប់អ្នកសារព័ត៌មានយ៉ាងដូច្នេះថា «យើងប្តេជ្ញាចិត្តលើគោលជំហររួមគ្នាជាមួយសម្ព័ន្ធមិត្តរបស់យើង គឺ NATO ក៏ដូចជាលីទុយអានីផងដែរ ជាពិសេសនោះ គឺការអនុវត្តតាម មាត្រា៥ របស់ណាតូ ដែលបានចែងថាការវាយប្រហារលើសមាជិកណាមួយ គឺស្មើនឹងការវាយប្រហារលើណាតូទាំងមូល ហើយ ការប្តេជ្ញាចិត្តនេះគឺរឹងមាំដូចដែកថែប»។
លីទុយអានី ដែលជាអតីតដែនដីសហភាពសូវៀត បច្ចុប្បន្នជាសមាជិករបស់អង្គការណាតូ និងសហភាពអឺរ៉ុប ហើយ ស្ថិតក្នុងចំណោមប្រទេសដែលរិះគន់ធ្ងន់ៗលើសកម្មភាពឈ្លានពានរបស់រុស្ស៉ី នៅអ៊ុយក្រែន៕
ប្រភព៖ Reuters
មតិយោបល់