ព័ត៌មានជាតិ

រថយន្តបុកម៉ូតូស្កុពីអូសជាច្រើនម៉ែត្រ បណ្តាលឲ្យប្តីប្រពន្ធ និងកូនម្នាក់រងរបួសធ្ងន់

ភ្នំពេញ: នៅវេលាម៉ោង៩និង៥៦នាទីយប់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តលុច្ស វីកូ មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2AA-9819 បើកបរចុះពីលើស្ពានអាកាសក្បាលថ្នល់ បុកម៉ូតូមួយគ្រឿង ម៉ាកស្កុពី ពណ៌ក្រហម បណ្តាលឲ្យមនុស្សចំនួន៣នាក់រងរបួសធ្ងន់ ទីតាំងស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។

នៅមុនពេលកើតហេតុ គេឃើញរថយន្ត​បង្កហេតុខាងលើ បើកបរចុះពីលើស្ពានអាកាសក្បាលថ្នល់ ។ លុះពេលមកដល់ត្រង់ចំណុច កើតហេតុបុកម៉ូតូមួយគ្រឿងម៉ាកស្កុពីពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1IZ-8527 អូសជាច្រើនម៉ែត្រ បណ្តាលឲ្យមនុស្សចំនួន៣ នាក់ រងរបួសធ្ងន់ ។ ភ្លាមៗនោះ ជនរងគ្រោះត្រូវរថយន្តពេទ្យដឹកយកទៅសង្រ្គោះនៅឯមន្ទីរពេទ្យ ។ ជនរងគ្រោះទាំងបីនាក់នោះ គឺត្រូវជាប្តីប្រពន្ធនិងមានកូនម្នាក់ ។

ក្រោយពេលកើតហេតុ វត្តមានកម្លាំងសមត្ថកិច្ចជំនាញនៅក្នុងមូលដ្ឋាន បានចុះទៅពិនិត្យដល់ទីតាំងកន្លែងកើតហេតុ ។ បន្ទាប់មក សមត្ថកិច្ចបានឲ្យតំណាងភាគីទាំងពីរធ្វើការចរចាគ្នា ប៉ុន្តែមិនត្រូវគ្នានោះទេ ។ សមត្ថកិច្ចក៏បានធ្វើការវាស់វែង យករថយន្តនិងម៉ូតូទៅ រក្សាទុកជាបណ្តោះអាសន្ន ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាបន្តទៀតនៅពេលក្រោយ ទៅតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់