ព័ត៌មានជាតិ

ចំណាំមុខទុកផង! មុខសញ្ញាលួចបារីតាមតូបចាប់ហួយជាច្រើនលើក ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានក្រោយលួចបារីម៉ាកMevius របស់គេនៅខេត្តកណ្តាល

កណ្តាល: ជនសង្ស័យម្នាក់ធ្វើសកម្មភាពលួចបារីម៉ាកMevius ជាច្រើនសុង ត្រូវបានជនរងគ្រោះឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច។

ករណីនេះកើតឡើងនៅម៉ោង១០និង២០នាទី ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចផ្ទះជនរងគ្រោះភូមិវត្តថ្មី ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះប៉ូ សេងហ័រ ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិវត្តថ្មី ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល មុខរបរ លក់ដូរ ។

ជនសង្ស័យឈ្មោះ សេង សារិទ្ធ ភេទប្រុស អាយុ៤៨ឆ្នាំ នៅភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)។

វត្ថុតាងចា​ប់យកបានរួមមាន៖ ១.ម៉ូតូ០១ គ្រឿង ម៉ាកស្មាក់រីវ៉ូ ពណ៌ខ្មៅ សេរីឆ្នាំ២០០៨ ពាក់ស្លាកលេខ ភ្នំពេញ 1AR-5241 គ្មានប័ណ្ណសម្គាល់ទោចក្រយានយន្ត(របស់ជនសង្ស័យ)។ ២.បារី Mevius ចំនួន ៤ សុង របស់ជនរងគ្រោះ(ប្រគល់ឲ្យជនរងគ្រោះ)។

មុននឹងឈានដល់ការឃាត់ខ្លួន កន្លងមកជនសង្ស័យធ្លាប់បានធ្វើសកម្មភាពជិះម៉ូតូដើរលួចបារីតាមបណ្តាស្រុក-ខេត្តមួយចំនួន បានចំនួន៥លើកមកហើយ ។ លុះដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង៧ ជនសង្ស័យបានធ្វើដំណើរចេញពីផ្ទះសំណាក់ (យីហោរីករាយ) ម្តុំទួលសង្កែ ខណ្ឌទួលគោក ភ្នំពេញ គោលបំណងដើរលួចតាមបណ្តោយផ្លូវជាតិលេខ៦តែម្នាក់ឯងដោយមធ្យោបាយម៉ូតូចំនួន១គ្រឿងខាងលើ ធ្វើដំណើរមកដល់ហាងនំបុ័ងបាយ័ននៅម៉ោង ៧និង៣០នាទី(ម្ដុំជ្រោយចង្វារ) ក៏ចូលហូបបាយ រួចបន្តដំណើរមកមុខទៀត ដោយជិះតិចៗមើលសភាពការណ៍តាមផ្លូវ បើមានឱកាសនឹងចូលធ្វើសកម្មភាពលួចតែម្តង។ លុះដល់ភូមិវត្តថ្មី ឃុំព្រែកដំបង វេលាម៉ោង១០ជាង ឃើញផ្ទះលក់អីវ៉ាន់ ចាប់ ហ៊ួយ (ហ័រ លក្ខិណា) ផ្ទះជនរងគ្រោះកំពុងលក់ដូរពេលនោះ ជនសង្ស័យបានឈប់ម៉ូតូប្រើល្បិចទិញនេះ ទិញនោះ ហើយក៏បន្លំលួចយកបារី ម៉ាក Meviusចំនួន០៤ សុងដាក់ចូលក្នុងថង់ខ្មៅរួចដើរចេញក្រៅពេលនោះជនរងគ្រោះ បានឃើញ ហើយក៏ឃាត់ខ្លួនជនសង្ស័យ រួចទូរសព្ទហៅសមត្ថកិច្ចប៉ុស្តិ៍តែម្តង។

បន្ទាប់ពីទទួលព័ត៌មានភ្លាម សមត្ថកិច្ចប៉ុស្តិ៍បានទៅដល់កន្លែងកើតហេតុហើយនាំខ្លួនជនសង្ស័យនិងវត្ថុតាងមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យសារភាពថា ខ្លួនពិតជាបានលួចបារីម៉ាក Mevius របស់ជនរងគ្រោះ ពិតប្រាកដមែន។

បច្ចុប្បន្នករណីខាងលើនេះសមត្ថកិច្ចប៉ុស្តិ៍បានសហការជាមួយផ្នែកជំនាញនគរបាលយុត្តិធម៌ស្រុកដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់