សៀមរាបៈ យោងតាមផេកអធិការដ្ឋាននគរបាល ក្រុងសៀមរាបបានឲ្យដឹងថា នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ៦និង២៤នាទីល្ងាច កម្លាំងសមត្ថកិច្ចនគរបាលក្រុងសៀមរាប បានទទួលសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថា មានធុំក្លិនស្អុយចេញពីបន្ទប់ជួលមួយ ស្ថិតនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។ បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ កម្លាំងសមត្ថកិច្ចយើង បានចុះទៅដល់កន្លែងកើតហេតុ ក៏ឃើញជនសង្ស័យនៅក្នុងបន្ទប់ដេកក្បែរសាកសពជនរងគ្រោះឈ្មោះ ផ.រ.ថ ភេទស្រី អាយុ ២៤ឆ្នាំ ដោយបិទទ្វារចាក់សោរ តែចំហរបង្អួច ភ្លាមៗនោះសមត្ថកិច្ចយើងបានសហការជាមួយម្ចាស់ផ្ទះគាស់ទ្វារបន្ទប់ ហើយបានឃាត់ខ្លួនជនសង្ស័យឈ្មោះ សេង គីមហួរ ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរមន្រ្តីឥណទាន មានស្រុកកំណើតនៅភូមិអង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ទីលំនៅបច្ចុប្បន្ននៅភូមិរលួសខាងកើត ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប យកមកសួរនាំនៅអធិការដ្ឋានក្រុងសៀមរាប ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យខាងលើបានឆ្លើយសារភាពថា ខ្លួនប្រច័ណ្ឌ នឹងជនរងគ្រោះមានប្រុសថ្មីទើបនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ១០និង០០នាទីព្រឹក ជនសង្ស័យបានទៅបន្ទប់ជនរងគ្រោះហើយឈ្លោះប្រកែក និងប្រតាយប្រតប់គ្នារហូតឈានដល់សម្លាប់ជនរងគ្រោះដោយធ្វើសកម្មភាពយកដៃខាងឆ្វេងរឹតកជនរងគ្រោះ បណ្តាលឲ្យដាច់ខ្យល់ស្លាប់តែម្តង ហើយបានលើកជនរងគ្រោះដាក់លើគ្រែ ដោយដេកជាមួយរហូតដល់ធុំក្លិន ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានបញ្ជូនទៅ ការិយាល័យជំនាញ ដើម្បីបន្តនីតិវិធី៕


មតិយោបល់