ព័ត៌មានជាតិ

​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ​រថយន្ត​ដឹក​កម្មករ ​បើកបរ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ​បណ្តាល​ឲ្យ​ក្រឡាប់​រង​របួសធ្ងន់​ស្រាល២៧​នាក់

​កំពង់ស្ពឺ: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា​ នៅ​វេលា​ម៉ោង​០៦​និង​១៥​នាទី​ព្រឹក​ ថ្ងៃ​សៅរ៍​ ១១​រោច​ ខែជេស្ឋ​ ឆ្នាំខាល​ ចត្វា​ស័ក​ ពុទ្ធសករាជ​ ២៥៦៦​ ត្រូវ​នឹង​ថ្ងៃ​ទី​២៥​ ខែមិថុនា​ ឆ្នាំ​២០២២​ នៅ​ត្រង់​ចំណុច​លើ​ផ្លូវលំ​ភូមិ​ច្រក​ពពូល​ ឃុំ​ជំពូព្រឹក្ស​ ស្រុក​ឧដុង្គ​ ខេត្តកំពង់ស្ពឺ​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ដោយ​រថយន្ត​ដឹក​កម្មករ​បើកបរ ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ​បណ្តាល​ឲ្យ​ក្រឡាប់​រង​របួសធ្ងន់​ស្រាល​ចំនួន​ ២៧​នាក់​ ។​

​តាម​ការ​បញ្ជាក់​ពី​សមត្ថកិច្ច​ បានឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ រថយន្ត​ខាងលើ​ម៉ាក​ HYUNDAI​ ពណ៌​ស​ ពាក់​ស្លាក​លេខ​កំពង់ស្ពឺ​ 3A-2816​ អ្នកបើកបរ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ (​បាន​ចុះ​គេចខ្លួន​បាត់​)​ ដឹក​កម្មករ​-​កម្ម​ការិ​នី​ ចំនួន​៥០​នាក់​ ស្រី​៤៤​នាក់​(​របួស​ចំនួន​២៧​នាក់​ (​ស្រី​២៦​នាក់​)​ ក្នុង​នោះ​របួសធ្ងន់​ចំនួន​១១​នាក់​ (​ស្រី​១០​នាក់​)​ ។​ កម្មករ​កម្ម​ការិ​នី​ទាំងអស់​បម្រើ​ការងារ​នៅ​ក្នុង​រោងចក្រ​ស៊ី​គ្លូ​ ស្ថិត​នៅ​ក្នុងភូមិ​បុរី​កម្មករ​ សង្កាត់​ច្បារមន​ ក្រុង​ច្បារមន​ ខេត្តកំពង់ស្ពឺ​ ។​

​សមត្ថកិច្ច​បន្ត​ថា​ មុន​ពេល​កើតហេតុ​ រថយន្ត​ខាងលើ​បើកបរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ លុះ​មក​ដល់​ចំណុចកើតហេតុ ​បាន​បត់​ទៅ​ខាងលិច​ផ្លូវ​ ។​ ដោយសារ​ផ្លូវ​មាន​សភាព​កោង​ខ្លាំង​ទើប​បណ្តាល​រថយន្ត​នោះ​ផ្អៀង​ក្រឡាប់​តែ​ម្តង​ ។​

​ក្រោយ​ពី​កើតហេតុ​ ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​)​ ។​ ចំណែក​រថយន្ត​ខាងលើ ​បាន​យក​មក​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ជំពូព្រឹក្ស​ ដើម្បី​អនុវត្ត​តាម​នីតិវិធី​ ៕

មតិយោបល់