ពោធិ៍សាត់ៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ស្ត្រី០១នាក់ស្លាប់ និងបុរស០១នាក់ទៀត រងរបួសធ្ងន់ ដោយឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូបុកម៉ូតូបើកបរស្របទិសគ្នា បត់ឆ្វេងមិនប្រយ័ត្ន ករណីនេះកើតឡើង នៅចំណុចផ្លូវបំបែកចូលកោះ ថាស នៅលើកំណាត់ផ្លូវលេខជាតិ៥៥ ស្ថិតក្នុងភូមិអូររំចង់ ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង១៥និង៤៧នាទីរសៀល ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ ។
តាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ មានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម C 125 ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1AG 3155 ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង មកដល់ចំណុចកើតហេតុ បានបត់ឆ្វេងមិនប្រុងប្រយ័ត្ន ក៏ស្រាប់តែមានម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AQ 0332 ធ្វើដំណើរពីជើងទៅត្បូងស្របទិសគ្នា បានបុកចំពាក់កណ្តាលម៉ូតូ បណ្តាលឲ្យដួលបោក ទៅលើថ្នល់ រងរបួសធ្ងន់០២នាក់ ឃើញហេតុដូចនេះប្រភពបានផ្តល់ព័ត៌មានជូនសមត្ថកិច្ចនគរបាល ដើម្បីជួយអន្តរាគមន៍ សម្រួលចរាចរណ៍ និងបញ្ជូនជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តពោធិ៍សាត់ ។
យោងតាមរបាយការណ៍របស់ លោកវរសេនីយ៍ទោ គឹម វិចិត្រ អធិការរងនៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ បានបញ្ជាក់ឲ្យដឹងថា អ្នកបើកបរម៉ូតូ ពាក់ស្លាកលេខ បាត់ដំបង 1AG 3155 មានឈ្មោះ មៀច ប៉េង ភេទប្រុស អាយុ ៧៣ឆ្នាំ មានមុខរបរកសិករ មិនមានរងរបួសទេ ចំពោះអ្នករួមដំណើរឈ្មោះ វូន សាអ៊ុន ភេទស្រី អាយុ៧១ឆ្នាំ មានមុខរបរកសិករ រងរបួសធ្ងន់ និងស្លាប់ក្រោយពេលបញ្ជូនទៅមន្ទីរពេទ្យ អ្នកទាំងពីរមានទីលំនៅក្នុងភូមិអូររំចង់ ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។ ចំណែកឯអ្នកបើកបរម៉ូតូ ពាក់ស្លាកលេខភ្នំពេញ 1AQ 0332 មានឈ្មោះ ពៅ ហៀង ភេទប្រុស អាយុ ១៨ឆ្នាំ មានមុខរបស់សិស្ស រស់នៅក្នុងភូមិ ប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ រងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ។
លោកអធិការរង បានបន្តថា កត្តាដែលបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង គឺមូលហេតុ ការបើកបរបត់ខ្វះការប្រុងប្រយ័ត្ន ចំពោះវត្ថុតាងម៉ូតូ ត្រូវបានសមត្ថកិច្ចយកមករក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាលបាក់ចិញ្ចៀន ៕
មតិយោបល់