ព័ត៌មានជាតិ

មេឃកំពុងភ្លៀងនិងផ្គរ ស្រ្តីម្នាក់ទាញចបទៅកាប់ប្រឡាយ កុំឲ្យទឹកហូរចូលផ្ទះត្រូវរន្ទះបាញ់ស្លាប់

មណ្ឌលគិរីៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ស្ត្រីម្នាក់បានស្លាប់បាត់បង់ជីវិត ក្នុងគ្រោះធម្មជាតិ​កាលពីល្ងាចថ្ងៃ​អាទិត្យ ១២រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹង ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ នាវេលាម៉ោង១៧និង១២នាទី ​នៅត្រង់ចំណុចចំការរបស់ឈ្មោះ ជុំ សុខ ស្ថិតភូមិចុងផាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរីមានករណីគ្រោះធម្មជាតិ ដោយរន្ទះបាញ់មួយករណី បានកើតឡើងបណ្តាលអោយស្រ្តីម្នាក់ បានស្លាប់បាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុ ស្រ្តីដែលជាជនរងគ្រោះមានឈ្មោះ សុខ គង់ ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន រស់នៅក្នុងភូមិ-ឃុំកើតហេតុខាងលើ ។

សពជនរងគ្រោះ ត្រូវបានគ្រួសារដឹកយកទៅធ្វើបុណ្យ នៅស្រុកកំណើតភូមិទំនប់ពល ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

បើតាមការបំភ្លឺពីបុរសជាប្តីស្រ្តីរងគ្រោះឈ្មោះ បើច ហៃ អាយុ៣០ឆ្នាំ ជនជាតិខ្មែរបានរៀបរាប់ថា នៅថ្ងៃកើតហេតុខាងលើ នៅវេលាម៉ោងប្រហែលជា៥ជាងល្ងាច មេឃកំពុងភ្លៀង និងផ្គរន្ទះ ពេលនោះប្រពន្ធរបស់គាត់ ដែលជាជនរងគ្រោះបានទាញចបទៅកាប់ប្រឡាយទឹក កុំឲ្យទឹកហូរចូលផ្ទះក៏ត្រូវរន្ទះបាញ់ស្លាប់នៅនឹងកន្លែងតែម្ដង ។

កម្លាំងប៉ុស្តិ៍ពូជ្រៃបានធ្វើកំណត់ហេតុ ប្រគល់សពឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី នៅឯ​ស្រុកកំណើត ៕

មតិយោបល់