ពោធិ៍សាត់ៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា កាលពីថ្ងៃពុធ ១កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១០និង១៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកជាមួយម៉ូតូសណ្ដោងរ៉ឺម៉កពីក្រោយ បណ្តាលឲ្យមនុស្ស០១នាក់រងរបួសធ្ងន់ ហេតុការណ៍នេះ កើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រ១៣៩-១៤០ ស្ថិតនៅភូមិថ្គោលតូច ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងអាជ្ញាធរនៅក្នុងមូលដ្ឋាន ចុះពិនិត្យដល់កន្លែងកើតហេតុ ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានរថយន្ត០១គ្រឿងម៉ាក HIGHLANDER ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2X-3573 បើកបរដោយឈ្មោះ លឹម គឹមឡេង ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិតាក្តុលត្បូង សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល (មិនមានរងរបួស) ធ្វើចរាចរណ៍ពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ បានបុកចំពីក្រោយម៉ូតូសណ្ដោងរ៉ឺម៉កយ៉ាងពេញទំហឹង ម៉ាកវ៉េវអាល់ហ្វា ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ ខុន សុខឃៀង ភេទប្រុស អាយុ៣១ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិថ្គោលតូច ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ (រងរបួសធ្ងន់) ក្នុងដំណើរស្របទិសគ្នា ។
រីឯអ្នករងរបួសធ្ងន់ ត្រូវបានសមត្ថកិច្ច និងក្រុមគ្រូពេទ្យបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ។
លោកវរសេនីយ៍ទោ សារឿន សារាវុធ អធិការនគរបាលស្រុកក្រគរស្ដីទីបានឲ្យដឹងថា បន្ទាប់ពីកម្លាំងនគរបាលជំនាញចរាចរណ៍ បានចុះទៅពិនិត្យ និងធ្វើការវាស់វែងរួចហើយ បានសន្និដ្ឋានថាករណីគ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាលមកពីកត្តាអ្នកបើកបររថយន្ត ប្រើប្រាស់ល្បឿនលឿន និងខ្វះការប្រុងប្រយ័ត្ន ។
ចំពោះវត្ថុតាងរថយន្តនិងម៉ូតូ សមត្ថកិច្ចបានយកមករក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាលអន្សាចំបក់ជាបណ្ដោះអាសន្ន រង់ចាំការដោះស្រាយតាមនីតិវិធី ៕







មតិយោបល់