ព័ត៌មានជាតិ

កម្លាំងសមត្ថកិច្ចខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ពាក់ព័ន្ធករណីធ្វើសកម្មភាពលួចនិងឆក់

សៀមរាប: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃពុធ​ ១កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក​ ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ កម្លាំងនៃអធិការដ្ឋានក្រុងសៀមរាប បានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ករណីអំពើលួច (លួចម៉ូតូ និងទូរស័ព្ទ) និងអំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូប និងទូរស័ព្ទ ។

១.ឈ្មោះ ព្រិន ភក្ដី ហៅនាង ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្រុកកំណើត ភូមិបន្ទាយចាស់ ឃុំស្លក្រាម ក្រុង/ខេត្តសៀមរាប ទីលំនៅបច្ចុប្បន្ន ភូមិវាល សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប ។ ២.ឈ្មោះ ឌុច រ័ត្តណា ហៅ ចៃ ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្រុកកំណើត ភូមិទក្សិណខាងត្បូង សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប ទីលំនៅបច្ចុប្បន្ន ភូមិទក្សិណខាងត្បូង សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប ។ ៣.ឈ្មោះ ច្រឹក សីហា ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ មិនពិតប្រាកដស្រុកកំណើត ភូមិសមោលើ ឃុំខ្វាវ ស្រុកទ្រាំងខេត្តតាកែវ ទីលំនៅបច្ចុប្បន្ន ភូមិវាល សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប ។

លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌបានបញ្ជាក់ថា នៅថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង០៤ និង៥០នាទី នៅចំណុចមុខបន្ទប់ជួលក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុង/ ខេត្តសៀមរាប មានករណីអំពើលួចម៉ូតូបង្កឡើងដោយជនសង្ស័យឈ្មោះ​ ឌុច រ័ត្តណា​ ហៅ ចៃ ភេទប្រុស អាយុ ១៦ឆ្នាំ បានធ្វើសកម្មភាពលួចម៉ូតូម៉ាកហុងដា Scoopy-I ពណ៌ស ពាក់ស្លាកលេខ សៀមរាប 1AD-2934 លេខម៉ាស៊ីន 3132623 លេខតួរ 5132623 និងទូរស័ព្ទ ០១គ្រឿង ម៉ាក Vivo ពណ៌ខៀវក្រម៉ៅចំនួន០១គ្រឿង របស់ជនរងគ្រោះឈ្មោះ សាវឿន វណ្ណា ភេទប្រុស អាយុ ២០ឆ្នាំ ស្នាក់នៅភូមិកើតហេតុ ខណ:ពេលជនរងគ្រោះកំពុងដេកលក់ ។

ក្រោយពេលជនសង្ស័យធ្វើសកម្មភាព រួចក៏ជិះម៉ូតូគេចខ្លួន បន្ទាប់មកជនរងគ្រោះ ក៏បានភ្ញាក់ពីដំណេករកម៉ូតូមិនឃើញ ក៏រាយការណ៍ជូនសមត្ថកិច្ច ។ ក្រោយពីទទួលសេចក្ដីរាយការណ៍ហើយ សមត្ថកិច្ចក៏បានដាក់កម្លាំងស្វែងរក ហើយក៏ប្រទះឃើញជនសង្ស័យខាងលើជាមួយវត្ថុតាង ហើយសមត្ថកិច្ចក៏នាំយកជនសង្ស័យមកសាកសួរ ។
ក្រោយពីសួរនាំរួចជនសង្ស័យរូបនេះ បានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចម៉ូតូខាងលើពិតប្រាកដមែន ដោយខ្លួនទទួលបញ្ជាពីឈ្មោះ ព្រិន ភក្ដី ហៅនាង ភេទប្រុស អាយុ ៣៥ឆ្នាំ និងឈ្មោះ ច្រឹក សីហា ភេទប្រុស អាយុ ២៨ឆ្នាំ ឲ្យខ្លួនលួចម៉ូតូខាងលើ ហើយជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនបានធ្វើសកម្មភាពឆក់កាបូប និងទូរស័ព្ទចំនួន០២លើក ដោយលើកទី០១ នៅថ្ងៃទី ០៦ ខែមេសា ឆ្នាំ២០២២ នៅចំណុចផ្លូវកែងភោជនីដ្ឋាន Mr.K ក្នុងភូមិសាលាកន្សែង​ សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប ឆក់បានទូរស័ព្ទនិងប្រាក់មួយចំនួន ហើយក៏បានធាក់ម៉ូតូជនរងគ្រោះ ជាមួយនឹងបក្ខពួកខាងលើ និងនៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ ធ្វើសកម្មភាពឆក់កាបូបនិងទូរស័ព្ទ នៅចំណុចខាងជើងស្តុបស្មាយលីង ស្ថិតនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប ដោយទូរស័ព្ទនិងប្រាក់ដែលឆក់បាន ខ្លួនបានឲ្យបក្ខពួកខាងលើរីឯខ្លួនទទួលបានប្រាក់ពីការឆក់ម្ដងៗ មួយម៉ឺនរៀល ទៅពីរម៉ឺនរៀល។

បន្ទាប់មក សមត្ថកិច្ចក៏បាននាំជនសង្ស័យឈ្មោះ ឌុច រ័ត្តណា ហៅ ចៃ ទៅចង្អុលយកបក្ខពួកមានឈ្មោះ ព្រិន ភក្ដី ហៅនាងភេទប្រុស អាយុ ៣៥ឆ្នាំ និងឈ្មោះ ច្រឹក សីហា ភេទប្រុស អាយុ ២៨ឆ្នាំ យកមកសួរនាំ ។ ក្រោយពីសួរនាំជនសង្ស័យទាំងពីរ បានឆ្លើយបដិសេធន៍ថា ខ្លួនពុំបានចូលរួមធ្វើសកម្មភាព ឬបង្គាប់ឲ្យឈ្មោះ ឌុច រ័ត្តណា ហៅចៃ ខាងលើ លួចនិងឆក់នោះទេ ។

ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនេះ សមត្ថកិច្ចបានស្រាវជ្រាវ និងដកហូតវត្ថុតាងបានរួមមាន៖ ម៉ូតូនិងទូរស័ព្ទដៃរបស់ជនរងគ្រោះ ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ច ធ្វើការឃាត់ខ្លួននៅវេលាម៉ោង ១៧និង៤០នាទី និងកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តនីតិវិធីបន្ត ៕

មតិយោបល់