ព័ត៌មានជាតិ

រថយន្តក្រុង​បុក​រថយន្ត​ហា​ឡេន​ឌ័​រ បណ្តាលអោយ​ស្ត្រី​ម្នាក់​ស្លាប់ និង​កូនៗ​៣​នាក់ រងរបួស​ធ្ងន់ធ្ងរ

​កំពង់ឆ្នាំង​៖​នៅវេលា​ម៉ោង​១១​និង​៣០​នាទី ថ្ងៃទី​០៣ ខែ​ឧសភា ឆ្នាំ​២០១៥ រថយន្តក្រុង​VIP បុក​រថយន្ត​ហា​យឡេន​ឌ័​រ​ពេញទំហឹង ធ្លាក់​ពីលើ​ផ្លូវ​ជាតិ ខណៈ​បើកបរ​ក្នុងទិសដៅ​ច្រាស់​គ្នា បណ្តាលអោយ​ស្លាប់​ស្ត្រី​ម្នាក់ និង​កូនចៅ​៣​នាក់​ទៀត រងរបួស​ធ្ងន់​ស្រាល ។​ហេតុការណ៍​នេះ បាន​កើតឡើង​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ នៅ​ចំណុច​ផ្លូវបត់​កោង ចន្លោះ​គីឡូម៉ែត្រ​លេខ​១៣១​និង​១៣២ ស្ថិតក្នុង​ភូមិ​ត្រពាំង​ចាន់ ឃុំ​ត្រពាំង​ចាន់ ស្រុក​បរិបូណ៌ ខេត្ត​កំពង់ឆ្នាំង ។​សមត្ថកិច្ច​នគរបាល​ចរាច​រណ៍ ស្រុក​បរិបូណ៌ បាន​បញ្ជាក់​អោយដឹងថា ស្ត្រី​រងគ្រោះ​ដែល​បាន​ស្លាប់​នៅក្នុង​ហេតុការណ៍​នោះ មានឈ្មោះ អោ សួង អាយុ​៦៩​ឆ្នាំ ដោយឡែក​អ្នករងរបួស​ធ្ងន់ មានឈ្មោះ ម៉ុម ណោ ភេទ​ស្រី អាយុ​៣២​ឆ្នាំ បាន​រងរបួស​ធ្ងន់ធ្ង​រ គាត់​ជា​កូន​របស់​ស្ត្រី​ដែល​ស្លាប់ និង​ជា​អ្នកបើកបរ​រថយន្ត​ហា​យឡេន​ឌ័​រ​,​ឈ្មោះ ម៉ុម ស៊ី​វ័ន ភេទ​ស្រី អាយុ​៤៧​ឆ្នាំ រងរបួស​ធ្ងន់ និង​កុមារា អ៊ឹង ជី​ហ៊ា អាយុ​១១​ឆ្នាំ រង​របួសស្រាល ពួកគេ​រស់នៅ​ក្នុងភូមិ​ថ្មគោល ឃុំ​តា​ម៉ឺន ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ។ សមត្ថកិច្ច​បាន​អោយដឹង​ទៀតថា មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ម៉ាក​ហា​យឡេន​ឌ័​រ ពណ៌​ស្ករ ពាក់​ស្លាក់​លេខ ភ្នំពេញ 2U-7974 បើកបរ​ដោយ​ស្ត្រី ម៉ុម ណោ ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មកដល់​ចំណុចកើតហេតុ ក៍មាន​រថយន្តក្រុង VIP ពណ៌​ស ពាក់​ស្លាក់​លេខ ភ្នំពេញ 3A-8038 មួយគ្រឿង បើកបរ​ក្នុង​ទិសដៅ​ច្រាស់​គ្នា ក្នុង​ល្បឿន​យ៉ាង​លឿន លុះដល់​ចំណុច​ផ្លូវបត់​កោង ក៍​បាន​ឡើង​ជែង​រថយន្ត​មួយ​គ្រឿង​ទៀត ហើយ​ក៍​បាន​រេ​ចង្កូត មក​បុក​រថយន្ត​ហា​យឡេន​ឌ័​រ​ពេញទំហឹង ធ្លាក់​ពីលើ​ផ្លូវ​ជាតិ បណ្តាលអោយ​ស្ត្រី​ម្នាក់​បែក​លលាដ៍ក្បាល ធ្លាយ​ខួរ​ពេញ​រថយន្ត ស្លាប់​នៅ​និង​កន្លែងកើតហេតុ និង​កូនចៅ​៣​នាក់​ទៀត រងរបួស​ដេក​ក្នុង​រថយន្ត​តែ ម្តង ។​ក្រោយពេល​កើតហេតុ ក្រុមគ្រួសារ​ជនរងគ្រោះ បាន​ដឹកបញ្ជូន​ជនរងគ្រោះ​ទាំងអស់ ទៅ​សង្គ្រោះ​ព្យាបាល​នៅ​មន្ទីរពេទ្យ ខេត្ត​បាត់ដំបង ចំណែក​សព​ស្ត្រី​រងគ្រោះ ដឹក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី នៅឯ​លំនៅដ្ឋាន ។ ដោយឡែក​អ្នកបើកបរ​រថយន្តក្រុង ក្រោយពេល​បង្កហេតុ បាន​រត់គេចខ្លួន​បាត់​ស្រមោល ទុក​រថយន្ត​ចោល​នៅ​កន្លែងកើតហេតុ ។ រថយន្ត​ហា​យឡេន​ឌ័​រ បាន​ខូចខាត​ធ្ងន់ និង​បែក​កង់​អស់​៣​គ្រាប់ ឯ​រថយន្តក្រុង ខូចខាត​មធ្យម ។ រថយន្ត​ទាំង​២​គ្រឿង ត្រូវបាន​សមត្ថកិច្ច នគរបាល​ចរាចរណ៍ ខេត្ត​កំពង់ឆ្នាំង អូស​និង​ស្ទួច​យក​មក​រក្សាទុក នៅ​ស្នងការដ្ឋាន​នគរបាល ខេត្ត​កំពង់ឆ្នាំង ដើម្បី​កសាង​សំណុំរឿង តាម​និតិ​វិធី​បញ្ជូនទៅ​តុលាការខេត្ត ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​៕​
DSC03869

មតិយោបល់