ព័ត៌មានជាតិ

សំណាងណាស់ អ៊ំប្រុសម្នាក់លោតចុះទាន់ មិនអីគ្រោះថ្នាក់ដល់ជីវិត

ភ្នំពេញ: នៅវេលាព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តធុនធំ មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 3C-9586 បើកបុកនិងកិនម៉ូតូគុបជ្រុងមួយគ្រឿងខ្ទេច បណ្តាលឲ្យអ៊ំប្រុសវ័យចំណាស់ម្នាក់រងរបួស ទីតាំង ស្ថិតត្រង់ចំណុចស្ដុបណតប្រ៊ីត សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ដំណើររឿងហេតុ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ នៅមុនពេលកើតហេតុ តាមការនិយាយរៀបរាប់ប្រាប់របស់អ៊ំប្រុសម្នាក់ជាជនរងគ្រោះ និងសាច់ញាតិរបស់គាត់បានឲ្យដឹងដូច្នេះថា គាត់រស់នៅស្រុកកោះធំ ដោយគាត់មានវ័យចំណាស់ទំនេរនៅតែផ្ទះ មានការអផ្សុក គាត់ក៏ជិះម៉ូតូគុបជ្រុងមួយគ្រឿង ធ្វើដំណើរចេញមកពីស្រុកកំណើត ប្រកបមុខរបរដឹកផ្លែធុរេននៅឯភ្នំពេញ ។

នៅថ្ងៃកើតហេតុ អ៊ំប្រុសបានជិះម៉ូតូដឹកផ្លែធុរេន ដោយធ្វើដំណើរតាមដងផ្លូវសុខៗ គាត់មានវ័យចំណាស់ជិះម៉ូតូយឺតៗ ក្បែរចិញ្ចើមផ្លូវ ។ លុះពេលមកដល់ត្រង់ចំណុចកើតហេតុ មានរថយន្តធុនធំមួយគ្រឿង បើកបរបុកនិងកិនម៉ូតូរបស់គាត់ផ្ទប់បង្គោលភ្លើង បណ្តាលឲ្យ ខ្ទេចរងការខូចខាតយ៉ាងធ្ងន់ធ្ងរ និងប៉ះម៉ូតូមួយគ្រឿងទៀតម៉ាកស៊ូមើអ៊ិចរងការខូចខាត ។ ចំណែកអ៊ំប្រុសគាត់បានលោតចុះទាន់ មិនអីគ្រោះថ្នាក់ដល់អាយុជីវិត ប៉ុន្តែក្នុងហេតុការណ៍នេះ អ៊ំប្រុសបានរងរបួសស្រាល ។

បន្ទាប់ពីកើតហេតុ កម្លាំងសមត្ថកិច្ចនគរបាលផ្នែកចរាចរណ៍ នៅក្នុងមូលដ្ឋានបានចុះទៅពិនិត្យ ឲ្យភាគីទាំងសងខាងធ្វើការចរចាគ្នា នៅកន្លែងកើតហេតុ បើមិនត្រូវគ្នានោះទេ សមត្ថកិច្ចនឹងធ្វើការវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីរង់ចាំ ដោះស្រាយនៅពេលក្រោយបន្តទៀត ទៅតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់