ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ក្រសួងវប្បធម៌នឹងផ្សាយព្រឹត្តិការណ៍ «រាត្ត្រីចងចាំ ឆ្នាំ២០២១» នៅថ្ងៃស្អែកនេះ

(ភ្នំពេញ)៖ ដើម្បីអបអរសាទរការដាក់បញ្ចូលសម្បត្តិបេតិកភណ្ឌវប្បធម៌រូបី និងអរូបីរបស់កម្ពុជា ក្នុងបញ្ជីបេតិកភណ្ឌរូបីនៃពិភពលោក និងក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ ពិសេសដើម្បីអបអរសាទរ ខួប០៣ឆ្នាំ នៃការដាក់បញ្ចូលល្ខោនខោលវត្តស្វាយអណ្តែត ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ ក្រសួងវប្បធម៌និងចិត្រសិល្បៈ នឹងរៀបចំកម្មវិធី «រាត្រីចងចាំ ឆ្នាំ២០២១»។

ព្រឹត្តិការណ៍ «រាត្រីចងចាំ ឆ្នាំ២០២១» នឹងមានការផ្សាយផ្ទាល់ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ តាមរយ:ផេកផ្លូវការក្រសួងវប្បធម៌ និងវិចិត្រសិល្ប: និងតាមរយ:បណ្តាញអង្គភាពទូរផ្សាយ និងគេហទំព័រសារព័ត៌មានមួយចំនួនទៀត។

ក្រសួងវប្បធម៌បានឲ្យដឹងថា សិល្បករ សិល្បការិនី ក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ជិត២០០នាក់ បានសហការគ្នាចូលរួមសម្តែងទស្សនីយភាពសិល្ប:ចម្រុះ ក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ។

បើតាមក្រសួងវប្បធម៌ ព្រឹត្តិការណ៍នេះដែរ ក៏ធ្វើឡើងដើម្បីដាស់ស្មារតីកូនខ្មែរ ឲ្យចូលរួមកិច្ចការពារសម្បត្តិបេតិកភណ្ឌវប្បធម៌ ដោយបញ្ជាក់ថា «កិច្ចការពារសម្បត្តិបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប»៕

មតិយោបល់