ភ្នំពេញ: កាលពីវេលាម៉ោង ១១និង១០នាទីយប់ថ្ងៃទី៦ ខែកក្កដាឆ្នាំ ២០២២ មានករណីម៉ូតូ ២គ្រឿងបុកគ្នា បណ្ដាលឲ្យស្លាប់ម្នាក់ពេលបញ្ជូនទៅមន្ទីរពេទ្យ និង ២នាក់ទៀតរងរបួសធ្ងន់ ស្ថិតត្រង់ចំណុចមុខក្លឹប អ៊ុច ហ្សូម តាមបណ្តោយផ្លូវវេងស្រេង ស្ថិតក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សពជនរងគ្រោះឈ្មោះ យន ចិន ភេទប្រុស ប្រុស អាយុ ៣៩ឆ្នាំ មុខរបរនៅផ្ទះមើលកូន ស្នាក់នៅបន្ទប់ជួលមួយកន្លែងខាងក្រោយវត្តគោកបញ្ជាន់ ស្ថិតក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត នៅស្រុកអង្គរជ័យ ខេត្តកំពត។
ចំណែកភាគីម្ខាងរងរបួសធ្ងន់មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។
ដំណើររឿង៖ មុនកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូ ម៉ាក់ SUZUKI AXELO ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BI-4175 ធ្វើដំណើរទៅដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ បានបត់ឆ្វេងដៃត្រឡប់ក្រោយវិញ ដោយខ្វះការប្រុងប្រយ័ត្ន ខណៈនោះក៏មានម៉ូតូមួយគ្រឿងម៉ាក ឌ្រីមសង់ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JG-2136 ជិះដោយបុរសម្នាក់បញ្ច្រាសទៅដើរគ្នាពីកើតទៅលិច បុកពេញទំហឹងបណ្ដាលឲ្យ បុរសដែលជិះម៉ូតូ SUZUKI ដួលបោកក្បាលស្លាប់នៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម ចំណែកខាងភាគីខាងម៉ូតូ ឌ្រីមសង់ បានរងរបួសធ្ងន់ ២នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។
បើតាមសម្ដីប្រពន្ធជនរងគ្រោះបានប្រាប់ឲ្យដឹងថា សព្វថ្ងៃរូបគាត់នឹងប្ដីរួមទាំងកូនប្រុសស្រីតូចៗចំនួន ២នាក់ទៀត បានមកស្នាក់នៅបន្ទប់ជួលជាមួយគ្នា ដោយប្តីរបស់គាត់មិនទាន់រកការងារធ្វើបាន ហេតុនេះទើបរូបគាត់ឲ្យប្ដីនៅមើលថែកូនសិន ទម្រាំរកការងារធ្វើបាន ចំណែករូបគាត់ធ្វើការនៅរោងចក្រ ហើយមុនកើតហេតុរូបគាត់បានឲ្យជិះម៉ូតូទៅទិញអី ដើម្បីយកមកហូបបាយជាមួយប្រពន្ធនិងកូន លុះទៅបាត់មួយសន្ទុះមិនឃើញមក ស្រាប់តែមានគេខលមកប្រាប់ថា ប្តីរបស់ខ្ញុំបានស្លាប់បាត់បង់ជីវិតទៅហើយ ដោយជួបគ្រោះថ្នាក់ចរាចរណ៍ បន្ទាប់មកគាត់ក៏បានទៅមើលឃើញប្ដីរបស់គាត់បានស្លាប់បាត់បង់ជីវិតមែន ។
ក្រោយកើតហេតុសមត្ថកិច្ច ចុះមកដល់ទីតាំងធ្វើការវាស់វែងយកម៉ូតូទាំង ២ គ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវនីតិវិធី សាកសពជនរងគ្រោះ ត្រូវធ្វើកំណត់ហេតុរួច ប្រគល់ជូនសាច់ញាតិយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕







មតិយោបល់