ព័ត៌មានជាតិ

រឿងជំពាក់លុយ២០០ដុល្លារ ឈានដល់ការចាក់សម្លាប់គ្នា បណ្តាលឲ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិត

ភ្នំពេញៈ នៅវេលាម៉ោង១០យប់ ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២ បុរសម្នាក់បានដើរទៅទារលុយពីកូនបំណុលចំនួន២០០ដុល្លារមិនបាន ក៏ឈ្លោះប្រកែកគ្នាមួយប្រាវ ជនជំពាក់លុយទាញដែកឆាបចាក់ចំដើមទ្រូងពីរដែកឆាប បណ្ដាលឲ្យម្ចាស់បំណុលរងរបួសធ្ងន់ តែជាអកុសលបានស្លាប់ ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ទីតាំងស្ថិតត្រង់ចំណុចផ្សារសហគមន៍បុរីកីឡា សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

ដំណើររឿងហេតុ៖ នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះដើរទៅទារលុយពីជនបង្ក ស្រាប់តែពេលនោះ ជនបង្កមិនមានលុយឲ្យនោះទេ ទើបមានការឈ្លោះប្រកែក និងប្រតាយប្រតប់គ្នាមួយប្រាវ ធ្វើឲ្យជនដៃដល់ជាអ្នកជំពាក់លុយ ទាញដែកឆាបចាក់ទៅលើជនរងគ្រោះចំដើមទ្រូង បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ ភ្លាមៗនោះជនបង្កបានគេចខ្លួនបាត់ស្រមោលតែ​ម្តង ។

នៅក្រោយពេលកើតហេតុ បងប្អូនប្រជាពលរដ្ឋដែលរស់នៅជិតខាង បានទាក់ទងទៅសមត្ថកិច្ចមូលដ្ឋាន និងរថយន្តសង្គ្រោះបន្ទាន់ ឲ្យមកដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះអាយុជីវិត តែជាអកុសជនរងគ្រោះបានដាច់ខ្យល់ស្លាប់ ពេលបញ្ជូនដល់មន្ទីរពេទ្យ ។ សពជនរងគ្រោះ ក្រុមគ្រូពេទ្យបានដឹកយកទៅតម្កល់ទុកនៅឯវត្តទឹកថ្លា ដើម្បីរង់ចាំសាច់ញាតិមកធ្វើបុណ្យតាមប្រពៃណី ។សូមបញ្ជាក់ថា ជនរងគ្រោះមានវ័យជាង៤០ឆ្នាំ ចំណែកឯជនបង្កមានវ័យជាង២០ឆ្នាំ ។ អ្នកទាំងពីរនាក់នេះស្គាល់គ្នា និងរស់នៅកន្លែងកើតហេតុ គ្រាន់តែអគាររខុសគ្នា ៕

មតិយោបល់