កំពង់ស្ពឺៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នាថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង៣ និង១៣នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តក្រឡាប់ដោយខ្លួនឯង ស្ថិតនៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ៦៦-៦៧ ត្រង់ចំណុចភូមិត្រពាំងអត់ទឹក ឃុំគីរីវន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
មន្រ្តីនគរបាលស្រុកភ្នំស្រួច បានឱ្យដឹងថា៖ មានរថយន្ត០១គ្រឿងម៉ាក FREIGHT LINER ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3D-1607 សណ្ដោងសឺមីរ៉ឺម៉ក ពាក់ស្លាក ភ្នំពេញ 4A-0281 អ្នកបើកបរមិនស្គាល់ឈ្មោះ ធ្វើចរាចរណ៍ពីទិសខាងលិចទៅទិសខាងកើត ដល់ចំណុចខាងលើបានរេចង្កូតបណ្ដាលឱ្យក្រឡាប់ដោយខ្លួនឯង តាមសាក្សីដែលបានឃើញហេតុការណ៍ខាងលើបញ្ជាក់ថា មុនរថយន្ដក្រឡាប់ អ្នកបើកបរប្រហែសជាងងុយដេក ដោយរថយន្ដរេម្ដងឆ្វេងម្ដងស្ដាំរួចក៏បានជួបហេតុការណ៍នេះតែម្ដង ។
ចំពោះករណីខាងលើនេះ មន្រ្ដីសមត្ថកិច្ចនគរបាលចរាចរណ៍ស្រុកភ្នំស្រួច បានកំពុងចាត់ការសម្រួលចរាចរណ៍នៅចំណុចកើតហេតុ និងទំនាក់ទំនងរកមធ្យោបាយរថយន្ដស្ទូចខ្នាតធំយកមកស្ទួចចេញពីលើដងផ្លូវ ដើម្បីកុំឱ្យកកស្ទះចរាចរណ៍ ៕





មតិយោបល់