ព័ត៌មានជាតិ

លោក Medvedev៖ ការប៉ុនប៉ងកាត់ទោសរុស្ស៉ី ជុំវិញសង្រ្គាមនៅអ៊ុយក្រែន នឹងបង្កមហន្តរាយដល់មនុស្សជាតិ

(កៀវ)៖ អតីតប្រធានាធិបតីរុស្ស៉ី លោក ឌីមីទ្រី ម៉េដវ៉េដេវ (Dmitry Medvedev) បាននិយាយថាការប៉ុនប៉ងរបស់លោកខាងលិច ដើម្បីកាត់ទោសមហាអំណាចនុយក្លេអ៊ែរ ដូចជារុស្ស៉ី ជុំវិញសង្រ្គាមនៅអ៊ុយក្រែន គឺជាសកម្មភាពដែលនាំមកនូវមហន្តរាយដល់មនុស្សជាតិ ខណៈសង្រ្គាមជិត៥ខែមកនេះ បានធ្វើឲ្យទីក្រុងនានារបស់អ៊ុយក្រែន រងការបំផ្លិចបំផ្លាញ ហើយប្រជាជនរាប់ម៉ឺននាក់បាត់បង់ផ្ទះសម្បែង។

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន ធ្លាប់បានចោទប្រកាន់ថាប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន គឺជាឧក្រិដ្ឋជនសង្គ្រាម និងបានដឹកនាំប្រទេសលោកខាងលិច ក្នុងការផ្ដល់អាវុធដល់អ៊ុយក្រែន និងដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរលើរុស្ស៊ី។ លោក ម៉េដវ៉េដេវ ដែលបច្ចុប្បន្នជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៉ី បានសរសេរនៅលើ បណ្តាញសង្គមតេឡេក្រាម យ៉ាងដូច្នេះថា «គំនិតនៃការចង់កាត់ទោសប្រទេសដែលមានសក្តានុពលនុយក្លេអ៊ែរ គឺជារឿងគួរឱ្យអស់សំណើច ហើយការប៉ុនប៉ងប្រើប្រាស់ តុលាការ ដើម្បីស៉ើបអង្កេតសកម្មភាពរបស់រុស្ស៉ីនៅអ៊ុយក្រែន គឺជារឿងឥតប្រយោជន៍បំផុត និងបង្កមហន្តរាយដល់មនុស្សជាតិ»។

បើតាមអ្នកវិទ្យាសាស្រ្តអាមេរិក, រុស្ស៉ី និងសហរដ្ឋអាមេរិក គ្រប់គ្រងប្រហែល ៩០ភាគរយនៃក្បាលគ្រាប់នុយក្លេអ៊ែររបស់ពិភពលោក ហើយនេះមិនមែនជាលើកទី១ ដែលទីក្រុងមូស្គូធ្វើការគំរាមបែបនេះ៕

Dmitry Medvedev

មតិយោបល់