ព័ត៌មានជាតិ

ជនសង្ស័យ០២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីគប់ដុំថ្មត្រូវក្បាលជនរងគ្រោះបណ្តាលឲ្យស្លាប់

បន្ទាយមានជ័យ: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃព្រហស្បតិ៍ ៩កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ ជនសង្ស័យ០២នាក់ ត្រូវបានកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រៀបចំសំណុំរឿងបញ្ជូនខ្លួនមកស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស បណ្តាលឲ្យស្លាប់០១នាក់ ហើយរត់គេចខ្លួន ។

លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា​ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង០៨និង៤០នាទីព្រឹក មានឈ្មោះ ជឹម នឿន ភេទប្រុស អាយុ៦២ឆ្នាំ រស់នៅភូមិចាន់គីរី សង្កាត់ប៉ោយប៉ែត បានមកដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាល អំពីករណីមានជនសង្ស័យមួយក្រុមមានគ្នា២នាក់ ឈ្មោះ លី ប៊ុនណារ័ត្ន ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិថ្មសិន សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងឈ្មោះ ឈូ ពៅ ភេទប្រុស អាយុ ២២ឆ្នាំ ទីលំនៅភូមិជាមួយគ្នា មុខរបរ កម្មកររោងចក្រ បានយកដុំថ្មទៅគប់លើកូនប្រុសរបស់គាត់ បណ្តាលឲ្យរងរបួសធ្ងន់ នៅចំណុចមុខរោងចក្រអូនាង ស្ថិតក្នុងភូមិអូឫស្សី សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅយប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ ។

លោកអធិការបានបញ្ជាក់ថា នៅក្នុងបណ្តឹងបានបញ្ជាក់ថានៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ០៨យប់ កូនប្រុសរបស់គាត់ ឈ្មោះ ជឹម នុយ (ជនរងគ្រោះ) បានចេញពីផ្ទះពីរនាក់ពួកម៉ាករបស់គេទៅដើរលែង ។ លុះវេលាម៉ោង០៦ ព្រឹកឡើងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ ប្រពន្ធរបស់គាត់ (ជឹម នឿន) បានដើរមកបើកទ្វារផ្ទះ ស្រាប់តែឃើញកូនប្រុសរបស់គាត់បែកក្បាល ហើយគាត់បានសួរទៅកូនថា មានរឿងអីបានបែកក្បាល កូនរបស់គាត់បានឆ្លើយថា ខ្ញុំអង្គុយលេងហូបអីនៅដីឡូតិ៍នៅរោងចក្រអូនាង ត្រូវបានគេយកដុំថ្មគប់មកចំបែកក្បាល ពេលកំពុងអង្គុយលេងហូបអីជាមួយពួកម៉ាក ។ ពេលដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ០៦ និង ៣០ នាទីល្ងាច កូនប្រុសរបស់គាត់ចាប់ផ្ដើមមានអាការ ស្រែកថ្ងូរ រឹងថ្គាម និយាយមិនច្បាស់ ហើយបាននិយាយថា ខ្ញុំពិបាកក្នុងខ្លួនណាស់មើលទៅខ្ញុំមិនរស់ទេ តែពេលនោះគាត់ជាឪពុកម្ដាយ មិនទាន់បានយកកូនគាត់មកពេទ្យទេ ហើយគាត់បានឲ្យកូនរបស់គាត់ដេកក្បែរម្តាយរបស់គេ ។ មួយយប់ទល់ភ្លឺកូនរបស់គាត់បានដេកស្រែកថ្ងូររហូត ពេលដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង០៨ព្រឹក គាត់បាននាំកូនរបស់គាត់ជិះម៉ូតូឌុបទៅមន្ទីរពេទ្យបង្អែកដីថ្មី តែដោយសារស្ថានភាពជំងឺធ្ងន់ធ្ងរពេក ក៏គេធ្វើការបញ្ជួនបន្តទៅមន្ទីរពេទ្យបង្អែកខេត្តនៅស្រុកមង្គលបូរី ។ លុះវេលាម៉ោង០៧និង ៥០នាទី ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ កូនប្រុសរបស់គាត់ឈ្មោះ ជឹម នុយ បានស្លាប់ ។

លោកអធិការបានបញ្ជាក់ថា ជនសង្ស័យឈ្មោះ លី ប៊ុនណារ័ត្ន និងឈ្មោះ ឈូ ពៅ ត្រូវបានកម្លាំងប៉ុស្តិ៍ផ្សារកណ្តាល ស្រាវជ្រាវឃាត់ខ្លួន បាននៅវេលាម៉ោង០១និង៣០នាទីរសៀល ថ្ងៃទី០៥ ខែកក្តដា ឆ្នាំ២០២២ បន្ទាប់ពីធ្វើសកម្មភាពគប់ជនរងគ្រោះនោះមក ។ នៅចំពោះមុខសមត្ថកិច្ច ពួកគេទាំង០២នាក់ បានសារភាពថា ពិតជាបានយកដុំថ្មទៅគប់លើឈ្មោះ ជឹម នុយ ពិតប្រាកដមែន មូលហេតុមកពីការឌឺដងពាក្សសំដីដាក់គ្នា ៕

មតិយោបល់