ព័ត៌មានជាតិ

បុរស២នាក់ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ បន្ទាប់ពីជិះម៉ូតូវ៉ាជែងបុករថយន្ត

បន្ទាយមានជ័យ: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា បុរស០២នាក់ បានបាត់បង់ជីវិតភ្លាមៗ នៅនឹងកន្លែងកើតហេតុ បន្ទាប់ពីបើកម៉ូតូទៅបុករថយន្តក្នុងទិសដៅច្រាសទិសគ្នា ។​ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង០៨និង៤០នាទីយប់ ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ លើកំណាត់ផ្លូវជាតិលេខ៦ ក្រៅទីប្រជុំជន ត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ ៣៧៨-៣៧៩ ស្ថិតនៅភូមិរំដួល ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក មាស ប្ញទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា មុនដំបូងមានម៉ូតូ០១គ្រឿងម៉ាក HONDA DREAM C125 ពណ៌ខ្មៅ គ្មានស្លាកលេខ អ្នកបើកបរ ភេទប្រុស មិនស្គាល់អត្តសញ្ញាណ និងមានអ្នករួមដំណើរ០១នាក់ ភេទប្រុស មិនស្គាល់អត្តសញ្ញាណ (មានពាក់មួកសុវត្ថិភាពទាំង០២នាក់) បានបើកបរពីលិចទៅកើត មានល្បឿនលឿន មកដល់ចំណុចកើតហេតុខាងលើ ក៏បានឡើងជែងនិងរថយន្ត០១គ្រឿង ដែលកំពុងបើកបរស្របទិសគ្នានៅពីមុខ ហើយក៏បានជ្រុលចង្កូតទៅបុកនិងរថយន្ត០១គ្រឿងផ្សេងទៀត មិនស្គាល់អត្តសញ្ញាណ បើកបរមកពីកើតទៅលិច ក្នុងគន្លងផ្លូវស្ដាំរបស់គេ បណ្ដាលឲ្យកើតមានគ្រោះថ្នាក់តែម្ដង ។

លោកអធិការបានបញ្ជាក់ថា ក្នុងករណីគ្រោះថ្នាក់នេះ បណ្ដាលឲ្យអ្នកបើកបរម៉ូតូ និងអ្នករួមដំណើរ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្ដង ។ ម៉ូតូខូចខាតធ្ងន់នៅផ្នែកខាងមុខ ។ អ្នកបើកបររថយន្ត និងរថយន្តមិនស្គាល់អត្តសញ្ញាណ បានបើកបររត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ ។ មូលហេតុបង្កឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលមកពីអ្នកបើកបរម៉ូតូ បើកបរឡើងជែងក្នុងស្ថានភាពគ្រោះថ្នាក់ ខ្វះការប្រុងប្រយ័ត្ន ៕

មតិយោបល់