ព័ត៌មានជាតិ

សូមប្រុងប្រយ័ត្ន! ជាមួយនឹងតំណភ្ជាប់ដែលលោកអ្នកទទួលបានតាមបណ្ដាញទំនាក់ទំនងសង្គម

មួយរយ:ពេលចុងក្រោយនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានសង្កេតឃើញមានការកើនឡើងទាក់ទងនឹងការលួចយក ឈ្មោះសម្គាល់និងលេខសម្ងាត់តាមរយ:ការផ្ញើសារដែលមានតំណភ្ជាប់ តាមរយ:កម្មវិធី Messenger។

ជាមួយនឹងល្បិចកលបោកបញ្ឆោតនេះ ក្រុមជនខិលខូចបានធ្វើការផ្ញើរសារតាមរយ:កម្មវិធី Messenger របស់មិត្តភ័ក្កិជនរងគ្រោះដែលពួកគេបានលួចចូលទៅប្រើប្រាស់។ ការប្រើប្រាស់គណនីរបស់មិត្តភក្កិដើម្បីធ្វើការផ្ញើសារ គឺដើម្បីជៀសវាងកុំឱ្យជនរងគ្រោះមានការសង្ស័យក្នុងការចុចនៅលើតំណភ្ជាប់ដែលមាននៅក្នុងសារនោះ។ ម្យ៉ាងវិញទៀត ដើម្បីទាក់ទាញអារម្មណ៍របស់ជនរងគ្រោះ ជនខិលខូចក៏បានភ្ជាប់មកជាមួយនូវពាក្យពេចន៍ថា ពួកគេបានរកឃើញរូបភាពចាស់ៗរបស់ជនរងគ្រោះ “look i found an old photo of you”។

នៅពេលដែលអ្នកប្រើប្រាស់ចុចនៅលើតំណភ្ជាប់នោះ វានឹងបើកគេហទំព័រមួយដែលទាមទារឱ្យជនរងគ្រោះវាយបញ្ចូល ឈ្មោះសម្គាល់និងលេខសម្ងាត់ សម្រាប់ចូលទៅក្នុងគណនីបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដែលនេះជាឱកាសដែលពួកគេលួចយកព័ត៌មានដើម្បីចូលទៅក្នុងគណនីរបស់ជនរងគ្រោះ។

ដើម្បីសុវត្ថិភាពក្នុងការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យា អ្នកប្រើប្រាស់គួរតែជៀសវាងចុចនៅលើតំណភ្ជាប់ទាំងឡាយណាដែលលោកអ្នកទទួលបានតាមរយ:សារ ឬអុីមែល។ ជាងនេះទៅទៀត សូមលោកអ្នកកុំវាយបញ្ចូលឈ្មោះសម្គាល់ ឬលេខសម្ងាត់ទៅក្នុងគេហទំព័រណាដែលលោកអ្នកបានបើកតាមរយ:តំណភ្ជាប់ដែលទទួលបានពីបណ្ដាញទំនាក់ទំនងសង្គម៕

ប្រភព៖​ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

មតិយោបល់