ព័ត៌មានជាតិ

បុរសម្នាក់បើករថយន្តលឿន រេចង្កូតជ្រុលបុកទ្រូងផ្លូវនិងបង្គោលភ្លើង បណ្ដាលឲ្យបាក់រងការខូចខាត

ភ្នំពេញៈ កាលពីវេលាម៉ោង០២និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ បុរសម្នាក់សង្ស័យស្រវឹង បើករថយន្តកាមរីបាឡែន មួយគ្រឿង ក្នុងល្បឿនលឿនរេចង្កូតទ្រូងផ្លូវនិងបង្គោលភ្លើង បណ្ដាលឲ្យបាក់រងការខូចខាត ទីតាំងស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ទល់មុខព្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

នៅមុនកើតហេតុគេបានឃើញបុរសម្នាក់ សង្ស័យស្រវឹងស្រា បើកបររថយន្តមួយគ្រឿងម៉ាកកាមរីបាឡែន ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2T-8295 ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន ។ លុះពេលមកដល់ត្រង់ចំណុចកើតហេតុ រេចង្កូតជ្រុលទៅបុករះរនាំងជ័រ ដាក់ពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យបាក់ជាច្រើនកង់ រថយន្តមិនទាន់អស់ល្បឿន បន្តទៅមុខបុកបង្គោលភ្លើង បាក់មួយដើមទៀតទ្រេតជិតដល់ដី ចំណែករថយន្តបង្ករងការខូចខាតស្ទើរទាំងស្រុង ។ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ មិនមានមនុស្សរងរបួសនោះទេ ។

បន្ទាប់ពីកើតហេតុ កម្លាំងសមត្ថកិច្ចផ្នែកចរាចរណ៍ ចុះមកវាស់វែងស្ទូចយករថយន្តបង្កទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ ទៅតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់