ព័ត៌មានជាតិ

បុរសម្នាក់បើករថយន្តរេពេញផ្លូវ បណ្តាលឲ្យជ្រុលទៅបុកម៉ូតូ២គ្រឿង រងរបួសធ្ងន់ស្រាលមនុស្ស៣នាក់

ភ្នំពេញ: កាលពីវេលាម៉ោង១១និង៤០នាទីយប់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង បុរសស្រវឹងជោកម្នាក់ បើករថយន្តព្រូសរេពេញផ្លូវ ជ្រុលទៅបុកម៉ូតូ០២គ្រឿងពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់ស្រាល មនុស្ស៣នាក់ ទីតាំងស្ថិតតាមបណ្ដោយផ្លូវ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ដំណើររឿងហេតុ៖ នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ បើករថយន្តម៉ាកតូយ៉ូតាព្រូស មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BH-6269 ក្នុងស្ថានភាពស្រវឹង តាមបណ្ដោយផ្លូវ១៩៨៦ ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុ បានរេចង្កូតពេញផ្លូវជ្រុលទៅបុកម៉ូតូ០២គ្រឿង ម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1HW-9748 ជិះដោយបុរសម្នាក់ និងមួយគ្រឿងទៀតម៉ាក ហុងដាឌ្រីមស៊េរីឆ្នាំ២០២១ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1IG-0076 បើកដោយបុរសម្នាក់ និងស្ត្រីម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់និងស្រាល ។ ម៉ូតូទាំង០២គ្រឿង និងរថយន្តមួយគ្រឿង បានរងការខូចខាតយ៉ាងដំណំ ។​ ចំណែកជនរងគ្រោះត្រូវបានរថយន្តដឹកយកទៅសង្គ្រោះ ។

បន្ទាប់ពីកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញបានចុះវាស់វែង ស្ទូចយករថយន្តនិងម៉ូតូទាំងពីរគ្រឿង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់