ព័ត៌មានជាតិ

ជនជាតិម្នាក់ និងមនុស្ស ៤នាក់ទៀត សង្ស័យស្រវឹងស្រា បើករថយន្តរេចង្កូតបុកថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យក្រឡាប់ផ្ងារជើងម្ខាង

ភ្នំពេញ: កាលពីវេលាម៉ោង ១និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២២ មានករណីបុរសជនជាតិចិនម្នាក់ រួមដំណើរជាមួយមនុស្ស ៤នាក់ទៀត សង្ស័យស្រវឹងស្រា បើករថយន្តរេចង្កូតបុកថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ត្រង់ចំណុចទល់មុខនិងព្រលានយន្តហោះអន្តរជាតិពោធិចិនតុង ក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ដំណើររឿង៖ មុនពេលកើតហេតុគេបានឃើញបុរសជនជាតិចិនម្នាក់ រួមដំណើរជាមួយមនុស្ស ៤នាក់ទៀត សង្ស័យស្រវឹងស្រា បានបើករថយន្តម៉ាកតូយូតាព្រូស ពណ៌ទឹកប្រាក់ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2BB-9564 បើកបរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុខាងលើ ក៏បានរេចង្កូតមកខាងឆ្វេងដៃ ជ្រុលទៅបុករនាំងថ្មដាក់ពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្ដាលឲ្យក្រឡាប់ផ្ងារជើងរងការខូចខាតរថយន្ត និងរនាំងថ្មជាទ្រព្យសម្បត្តិ។

ក្រោយកើតហេតុសមត្ថកិច្ច ចុះមកដល់ទីតាំងវាស់វែងយករថយន្តស្ទូចមកស្ទូចយករថយន្តបង្ក ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមនីតិវិធី៕

មតិយោបល់