ព័ត៌មានជាតិ

បុរសម្នាក់សង្ស័យស្រវឹងជោកជាំ​ បើករថយន្តស៊េរីទំនើប Mecerdes G63 ស្លាកលេខ កម្ពុជា HL.800 បុកម៉ូតូពីក្រោយផ្ដាច់ជីវិត ប្ដីប្រពន្ធ ២នាក់ ស្លាប់យ៉ាងអាណោចអាធ័ម

ភ្នំពេញ: កាលពីវេលាម៉ោង ១២រំលងអាធ្រាត្រឈានចូលថ្ងៃទី៩ ខែកក្កដា ឆ្នាំ ២០២២ បុរសម្នាក់សង្ស័យស្រវឹងស្រាជោកជាំ បើករថយន្តបុកម៉ូតូពីក្រោយផ្ដាច់ជីវិត ប្ដីប្រពន្ធ ២នាក់ ស្លាប់យ៉ាងអាណោចអាធ័ម ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៦A ក្នុងសង្កាត់ព្រែកឯង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

សពជនរងគ្រោះ៖
១/ឈ្មោះ អ៊ន អុន ភេទប្រុស អាយុ ៤៩ឆ្នាំ (ជាប្ដី) មានស្រុកកំណើតនៅភូមិព្រៃដើមថ្នឹង ឃុំព្រៃដើមថ្នឹង ស្រុងស៊ីធរកណ្តាល ខេត្តព្រៃវែង។
២/ឈ្មោះ ភួង ស្រីយ័ន្ត អាយុ ៤៨ឆ្នាំ បច្ចុប្បន្នរសនៅជាមួយគ្នា (ជាប្រពន្ធ)។
អ្នកបើករថយន្តបង្ករងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ដំណើររឿង៖ មុនពេលកើតហេតុគេបានឃើញប្តីប្រពន្ធ ២នាក់ ជាជនរងគ្រោះជិះម៉ូតូម៉ាក ហុងដា មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1C-6183 ឌុបគ្នាធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៦A ពីលិចទៅកើតក្នុងល្បឿនលឿនមធ្យមគោលបំណង ជិះចេញពីភ្នំពេញត្រឡប់ ទៅស្រុកកំណើតនៅឯខេត្តព្រៃវែង ខណ:ជិះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែគេឃើញមានបុរសម្នាក់ទំនងជាស្រវឹងស្រាខ្លាំង បានបើករថយន្តបង្កស៊េរីទំនើបម៉ាក Mecerdes G63 ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជា HL.800 បើកតាមបណ្តោយផ្លូវជាតិលេខ៦A ទិសដៅស្របគ្នាពីលិចមកកើតក្នុងល្បឿនយ៉ាងលឿន ក៏ជ្រុលទៅបុកម៉ូតូពីក្រោយយ៉ាងពេញទំហឹងប៉ើងទៅមុខជាច្រើនម៉ែត្រ រួចបន្តល្បឿនទៅបុកផ្ទប់រថយន្តដឹកទំនិញ ២គ្រឿងទៀត ដែលចតស្ងៀមនៅលើចិញ្ចើមផ្លូវចំពីក្រោយពេញទំហឹង រងការខូចខាតយ៉ាងដំណំ។

ក្រោយកើតហេតុសមត្ថកិច្ចចុះមកដល់ទីតាំងវាស់វែងយកវត្ថុតាងទៅរក្សាទុក នៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមនីតិវិធី ចំពោះសាកប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់