ព័ត៌មានជាតិ

រថយន្តមិនស្គាល់ម៉ាក បុកបុរសដើរឆ្លងផ្លូវម្នាក់បណ្តាលឲ្យស្លាប់ និងជ្រុះស្លាកលេខនៅកន្លែងកើតហេតុ

ពោធិ៍សាត់: យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា បុរសថ្មើរជើងម្នាក់ ដើរឆ្លងផ្លូវ ត្រូវរថយន្តមិនស្គាល់ម៉ាក បុកបណ្តាលឲ្យស្លាប់ ករណីនេះកើតឡើងនៅលើផ្លូវក្រាលកៅស៊ូ ត្រង់ចំណុចមុខផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិកោះស្វាយ ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង ២២និង៣០នាទី យប់ថ្ងៃអាទិត្យ ១២កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ ។

លោកវរសេនីយ៍ទោ អ៊ុល ហៃ អធិការនៃអធិការដ្ឋាននគរបាលស្រុកតាលោសែនជ័យ បានប្រាប់ឲ្យដឹងថា ដោយទទួលព័ត៌មានពីគ្រោះថ្នាក់ចរាចរណ៍ រថយន្តមិនស្គាល់ម៉ាកបើកបរបុកមនុស្សដើរឆ្លងផ្លូវ កម្លាំងជំនាញបានចុះដល់កន្លែងកើតហេតុ នៅចំណុចម្តុំមុខផ្ទះជនរងគ្រោះ នឹងប្រមូលបានវត្ថុតាងមាន ស្លាកលេខរថយន្តមួយសន្លឹក ពោធិ៍សាត់ 2C-1188 ដែលបន្សល់ទុកក្រោយពេលកើតហេតុ ដែលជារបស់រថយន្តបង្ក ។

លោកអធិការបានបន្តថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងមកពីកត្តា ប្រើប្រាស់ល្បឿននិងខ្វះការប្រុងប្រយ័ត្ន ដែលបណ្តាលឲ្យជនរងគ្រោះឈ្មោះ ជុំ ឡូញ ភេទប្រុស អាយុ៥២ឆ្នាំ មានទីលំនៅក្នុងភូមិ-ឃុំខាងលើ រងរបួសធ្ងន់ នឹងបានស្លាប់នៅតាមផ្លូវបន្ទាប់ពីបងប្អូនបញ្ជូនទៅ សង្គ្រោះនៅមណ្ឌលសុខភាពតាសាស់ សពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ និងប្រគល់ជូនក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី រីឯរថយន្តបង្ក សមត្ថកិច្ចនឹងធ្វើការស្រាវជ្រាវបន្ត ដើម្បីយកមកអនុវត្តតាមនីតិវិធីច្បាប់ ៕

មតិយោបល់