ព័ត៌មានជាតិ

សង្ស័យលឿនជ្រុលគេចរថយន្តខាងមុខ បណ្តាលឲ្យធ្លាក់ប្រឡាយ សំណាងមិនប៉ះពាល់ដល់អ្នកដទៃ

ភ្នំពេញ: រថយន្តឃ្លប់ដឹកទំនិញមួយគ្រឿង ខណ:ដែលកំពុងបើកបរលើដងផ្លូវ សង្ស័យលឿនជ្រុលរួចគេចរថយន្តនិងម៉ូតូ ដែលនៅខាងមុខ បណ្តាលឲ្យរេចង្កូតធ្លាក់ប្រឡាយ ។

ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១និង៤០នាទីរសៀល ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ ទីតាំងកន្លែងកើតហេតុ ស្ថិតនៅតាមបណ្តោយផ្លូវ មហាវិថី ឈ្នះ ឈ្នះ ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាន នៅទីតាំងកន្លែងកើតហេតុ បានឲ្យដឹងថា ដំបូងគេបានឃើញរថយន្តឃ្លប់ ប្រភេទដឹកទំនិញខាងលើ ពាក់ស្លាកលេខ បាត់ដំបង 3A-2415 ដែលធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង រហូតមកដល់ចំណុចកើតហេតុ សង្ស័យបើកបរក្នុងល្បឿនលឿន ហើយនៅខាងមុខមានរថយន្តនិងម៉ូតូផង ហ្រ្វាំងមិនជាប់ទើបបួងចង្កូតគេច បណ្តាលឲ្យធ្លាក់ទឹកប្រឡាយ ដែលអមតាមបណ្តោយផ្លូវខាងលើតែម្តង ។

ក្រោយកើតហេតុម្ចាស់រថយន្ត ស្ទូចយកទៅជួសជុលដោយខ្លួនឯង ព្រោះមិនប៉ះពាល់ដល់ទ្រព្យសម្បត្តិសាធារណ: និងឯកជនឡើយ ៕

មតិយោបល់