ព័ត៌មានជាតិ

កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ រាជធានី​ភ្នំពេញ​ ឃាត់ខ្លួន​ជនសង្ស័យ ​២​នាក់​ ករណី​ឆក់​កាបូប​ និង​ឆក់​ទូរស័ព្ទ​

​ភ្នំពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ជនសង្ស័យ​ចំនួន ​២​នាក់ ​ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពាក់ព័ន្ធ​ ស្រាវជ្រាវ​បង្ក្រាប​ចាប់ខ្លួន​ជា​បន្តបន្ទាប់​ ក្នុង​ករណី​ឆក់​កាបូប​ និង​ទូរស័ព្ទ​ចំនួន​ ២​ករណី​ផ្សេង​គ្នា​ ក្នុង​ខណ្ឌមានជ័យ​ និង​ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​ កាលពី​កន្លង​ទៅ​ ។​

​លោក​វរសេនីយ៍ឯក​ ប៊ុ​ន​ សត្យា​ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ប្រាប់​ឱ្យ​ដឹង​ថា​៖​ នៅ​ថ្ងៃ​ទី​០៨​ ខែកក្កដា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ កម្លាំង​ការិយាល័យ​ជំនាញ​សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​ បាន​ស្រាវជ្រាវ​ក្នុង​បទល្មើស​ជាក់ស្តែង​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​០១​នាក់​ ឈ្មោះ​ សៀ​ក​ លី​សៀ​ ហៅ​ ង៉ោ​ល​ភេទ​ ប្រុស​ អាយុ​ ១៨​ឆ្នាំ​ ជនជាតិ​ ខ្មែរ​ មុខរបរ​ ដឹក​អីវ៉ាន់​អន​ឡាញ​ រស់នៅ​ខណ្ឌ​សែន​សុខ​ នៅ​ចំណុច​ស្ថានីយ៍​ប្រេងឥន្ធនៈ ​PTT​ ផ្លូវ​លេខ​២០០៤​ សង្កាត់​អូរ​បែក​ក្អម​ ខណ្ឌ​សែន​សុខ​ ពាក់ព័ន្ធ​ប្រព្រឹត្ត​អំពើ​ហិង្សា​ (​ឆក់​កាបូបស្ពាយ​ពីក្រោយ​មិន​បាន​សម្រេច​)​ ប្រព្រឹត្ត​នៅ​ចំណុច​លើ​ផ្លូវ​សឡា​(៣៧១)​ ភូមិ​ទ្រា​៤​ សង្កាត់​ស្ទឹង​មាន​ជ័យ​៣​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​០៨​ ខែកក្កដា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​៣​រសៀល​ ។​ខណៈ​ដែល​ជន​រង​គ្រោះ​ឈ្មោះ​ សែត​ សុ​ដា​វី​ន​ ភេទ​ស្រី​ អាយុ ២៨​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​និស្សិត​ កំពុង​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ធូ​ដេ​ ម្នាក់ឯង​ដោយ​មាន​ដាក់​កាបូបស្ពាយ​ខាងក្រោយ​ នៅ​លើ​ទូក​ម៉ូតូ​ខាង​មុខ​ ពេល​ឃើញ​ដូច្នេះ​ ជនសង្ស័យ​ និង​បក្ខពួក​ជិះ​ម៉ូតូ​ចំនួន​០២​គ្រឿង​មាន​គ្នា​០៤​នាក់​ បាន​ធ្វើ​សកម្មភាព​ឆក់​ និង​មាន​បក្ខពួក​០២​នាក់​ជិះ​ម៉ូតូ​០១​គ្រឿង​ចាំ​បិទគូថ​ខាងក្រោយ​។​

​លោកនាយ​ការិយាល័យ​បាន​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា​៖​ ក្រោយ​ពី​ជនសង្ស័យ​បាន​ប្រព្រឹត្ត​អំពើ​ឆក់​កាបូប​រួច​ ហើយ​ពួក​វា​បាន​ជិះ​ម៉ូតូ​គេចខ្លួន​ដល់​ផ្លូវ​លេខ​២០០៤​ សង្កាត់​អូរ​បែក​ក្អម​ ខណ្ឌ​សែន​សុខ​ ក៏​ជួប​សមត្ថកិច្ច​កំពុង​ល្បាត​ការពារ​សុវត្ថិភាព​នៅ​ទីនោះ​ ក៏​បាន​បើក​ម៉ូតូ​ដេញ​តាម​ពីក្រោយ​ ។​ ឃើញ​ដូច្នេះ​ជនសង្ស័យ​ ក៏​បាន​បោះ​កាបូបស្ពាយ​ខាងក្រោយ​របស់​ជន​រង​គ្រោះ​ចោល​នៅ​លើ​ថ្នល់​ ហើយ​ជនសង្ស័យ​ក៏​នាំ​គ្នា​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​អស់​ ។​ ក្រោយមក​ទៀត​កម្លាំង​សមត្ថកិច្ច​បាន​ស្រាវជ្រាវ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​០១​នាក់​ក្នុង​ចំណោម​បក្ខពួក​០៤​នាក់​ ។​ ចំណែក​ទ្រព្យសម្បត្តិ​ជន​រង​គ្រោះ​ សមត្ថកិច្ច​បាន​ប្រគល់​ឱ្យ​ម្ចាស់​ ។​

លោក​វរសេនីយ៍ឯក​ ប៊ុ​ន​ សត្យា​ ឱ្យ​ដឹង​ទៀត​ថា​ នៅ​ថ្ងៃ​ទី​០៩​ ខែកក្កដា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​១២​ថ្ងៃត្រង់​ កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្ខពួក​៥​នាក់​ ឈ្មោះ​ ហឿ​ង​ មីនា​ ហៅ​ ពេជ្រ​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​មិន​ពិតប្រាកដ​ ស្នាក់​នៅ​សង្កាត់​ស្ទឹង​មាន​ជ័យ​១​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ ។​ ជនសង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន​នៅ​ចំណុច​មុខ​វត្ត​សំបួរ​ ផ្លូវ​លេខ​២១៧​ សង្កាត់​ដង្កោ​ ខណ្ឌដង្កោ​ បន្ទាប់​ពី​ធ្វើ​សកម្មភាព​ប្រព្រឹត្ត​អំពើ​ហិង្សា​ (​ឆក់​ទូរ​សព្ទ័​ដៃ​ម៉ាក​អុ​ប​ប៉ូ​)​របស់​ជន​រង​គ្រោះ​ នៅ​ចំណុច​ទល់មុខ​ម​ជ្ឃ​មណ្ឌល​ថែទាំ​រថយន្ត​អែន​ឃែ​រ​ ផ្ទះ​លេខ​២៦៧​ ផ្លូវ​លេខ​២០០២​ ភូមិ​ត្រពាំង​ឈូក​ សង្កាត់​អូរ​បែក​ក្អម​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​១៥​ ខែមិថុនា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​១៥​និង​២០​នាទី​ ។​

​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ នៅ​រសៀល​ថ្ងៃ​ទី​១២​ ខែកក្កដា​ ឆ្នាំ​២០២២​ បាន​បញ្ជូន​ជនសង្ស័យ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​ផ្លូវច្បាប់​ ៕

មតិយោបល់