ព័ត៌មានជាតិ

ក្មេងស្រីសិស្សសាលាម្នាក់ លង់ទឹកនៅទន្លេសប្បនិមិត្ត ក្នុងទីរួមខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ: យោងតាមផេក ការិយាល័យផ្សព្វផ្សាយអប់រំ ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោងប្រមាណ១១និង០០នាទីព្រឹក មានករណីក្មេងសិស្សសាលា បានលង់ទឹកនៅទន្លេសប្បនិមិត្តផ្នែកខាងក្រោម ក្នុងទីរួមខេត្តត្បូងឃ្មុំ ។ ភ្លាមៗនោះ លោកឧត្តមសេនីយ៍ត្រី ម៉ុន ម៉ាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានបញ្ជាដឹកនាំ កងកម្លាំងវេនប្រចាំបញ្ជា ២៤/២៤ម៉ោង និងកម្លាំងកងអន្តរាគមន៍ពិសេស ឲ្យចុះទៅជួយជាបន្ទាន់ ។

ករណីខាងលើនោះ លោកឧត្តមសេនីយ៍ស្នងការ ក៏បានចុះទៅដឹកនាំដោយផ្ទាល់ ដល់ទីកន្លែង និងបានឲ្យកងកម្លាំង នគរបាល ចុះច្រមុចទឹករាវរក ហើយក៏បានឃើញក្មេងស្រី (សិស្សសាលា) លង់ទឹក នៅបាតដីខាងក្រោមផ្ទៃទឹក ក៏បានស្រង់លើកឡើងយកមកសង្គ្រោះបឋម នៅមាត់ច្រាំងទន្លេ ។

បន្ទាប់មកក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន បានទៅដល់ហើយកម្លាំងនគរបាលបានជួយសែង ក្មេងស្រីរងគ្រោះ ឡើងលើមាត់ច្រាំងដាក់ចូលក្នុងរថយន្តសង្គ្រោះបន្ទាន់ ហើយក៏បានដឹកយកទៅសង្គ្រោះ បន្តនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ៕

មតិយោបល់