ព័ត៌មានជាតិ

បុរសម្នាក់ហែលទៅយកស្បែកជើង អណ្តែតនៅក្នុងទឹកស្រះ បណ្តាលឲ្យលង់ស្លាប់បាត់បង់ជីវិត

បន្ទាយមានជ័យ: យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ថ្ងៃពុធ ១៥កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ បុរសម្នាក់បានបាត់បង់ជីវិត ក្រោយពីលង់ទឹកស្រះ ខណ:ពេលហែលទៅយកស្បែកជើង របស់គាត់ដែលអណ្តែតក្នុងស្រះ ។ ហេតុការណ៍បង្កឲ្យភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង០៥និង៣០នាទីល្ងាច នៅចំណុច ស្រះធំខាងជើងភូមិវត្តចាស់ ចម្ងាយប្រហែល៥០០ម៉ែត្រ ភូមិវត្តចាស់ ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ទោ ឈឿន គឹមឈុន អធិការនគរបាល ស្រុកថ្មពួក បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឃិត ស្រឹម ភេទប្រុស អាយុ ៥៩ឆ្នាំ រស់នៅភូមិវត្តចាស់ ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

លោកអធិការបានបញ្ជាក់ទៀតថា នៅមុនពេលកើតហេតុ បើតាមការបំភ្លឺពីឈ្មោះ មី សោន ភេទស្រី អាយុ៦០ឆ្នាំ រស់នៅភូមិជាមួយគ្នា បានរៀបរាប់ថា នៅវេលាម៉ោង០៥និង៣០នាទី ពេលគាត់ និងជនរងគ្រោះ ត្រឡប់មកពីចម្ការវិញបាននាំគ្នាចុះងូតទឹកស្រះ ពេលនោះស្បែកជើងរបស់ជនរងគ្រោះ បានអណ្ដែតចូលទៅក្នុងទឹកស្រះ ហើយជនរងគ្រោះ ក៏បានហែលទៅយកស្បែកជើងនោះមកវិញ ពេលយកបានហែលត្រឡប់មកវិញ ស្រាប់តែលង់ទឹកលិចទៅក្នុងទឹកស្រះ ពេលនោះគាត់មិនហ៊ានចុះទៅជួយទេ ក៏រត់មកហៅអ្នកភូមិឲ្យទៅជួយ លុះរហូតដល់ម៉ោង០៦និង១៣នាទីយប់ថ្ងៃដដែល ទើបរាវរកជនរងគ្រោះឃើញ ហើយបានបញ្ជូនទៅជួយសង្រ្គោះដែរ តែជនរងគ្រោះបានស្លាប់ ។

លោកវរសេនីយ៍ទោ ឈឿន គឹមឈុន បានបញ្ជាក់បន្ថែមថា ក្នុងករណីនេះក្រោយពីបានទទួលព័ត៌មានភ្លាម បានទៅដល់កន្លែងកើតហេតុ បង្កើតគណ:កម្មការធ្វើការពិនិត្យសព ពុំឃើញមានស្លាកស្នាមអ្វីដែលពាក់ព័ន្ធលើករណីឃាតកម្មទេ បើយោងតាមការសន្និដ្ឋានរបស់គ្រូពេទ្យ ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន ។ សពបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់