ភ្នំពេញៈ ស្ត្រីម្នាក់ដេកស្លាប់នៅគ្រែក្នុងផ្ទះរបស់ខ្លួន ចោលប្តី និងម្តាយចាស់ជរាដេកនៅកន្ទេលគួរឲ្យអាសូរបំផុត ដោយសារមានជំងឺខ្សោយបេះដូងប្រចាំកាយជាច្រើនឆ្នាំមកហើយ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥នាទីទៀបភ្លឺ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ នៅចំណុចផ្ទះលេខ៤៦៣ ផ្លូវលំ ក្រុម៤ ភូមិគង្គារផុស សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
ស្ត្រីដែលគេអះអាងថាដេកស្លាប់ដោយសារមានជំងឺគាំងបេះដូងនោះមានឈ្មោះ ភាព អាយុ២៧ឆ្នាំ ចំណែកឯប្តីមានឈ្មោះ ទន់ កែ អាយុ៤៤ឆ្នាំ បច្ចុប្បន្នអ្នកទាំង២នាក់ មានមុខរបរនៅផ្ទះ ស្នាក់នៅកើតហេតុខាងលើ។
ប្រភពពីព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា បុរសជាប្តីធ្លាប់មានប្រពន្ធមុនមានឈ្មោះ ចាន់ ភាព អាយុ២៧ឆ្នាំ មានកូនប្រុសស្រី២នាក់ ក្រោយមក ត្រូវបានប្រពន្ធរត់ទៅនៅផ្ទះបងស្រីបង្កើត ដោយបានផ្ញើរកូនប្រុសស្រីចំនួន ២នាក់នៅជាមួយបងស្រីនៅឃុំក្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល រួចមកប្រពន្ធក៏បានទៅធ្វើការនៅឯប្រទេសម៉ាឡេស៊ីរយៈពេល៨ឆ្នាំមកហើយ ដោយខូចចិត្តនិងប្តីមានស្រី ហើយមិនចេះជួយរកលុយសម្រាប់ដោះស្រាយក្នុងគ្រួសារ ហើយគិតតែដើរផឹកស៊ីស្រវឹងរករឿងរាល់ថ្ងៃ ធ្វើឲ្យរូបនាងសម្រេចចិត្តចុះចោលប្តីតែម្តង។
ប្រភពបានបន្តទៀតថា តាំងពីប្រពន្ធមុនរត់ចោលគាត់មក បុរសខាងលើតែងតែដើរផឹកស៊ីជារៀងរាល់ថ្ងៃ ហើយក៏បានជួបជាមួយស្ត្រីដែលជាប្រពន្ធក្រោយដែលស្លាប់នេះ នៅកន្លែងតូបផឹកទឹកត្នោតជួរមួយកន្លែង ដែលស្ថិតនៅក្នុងភូមិច្រេះ សង្កាត់ក្រាំធ្នុង ខណ្ឌសែនសុខ ហើយក៏បានស្គាល់គ្នាមានទំនាក់ទំនងស្នេហាបាននាំនាងមកផឹកស៊ីនៅផ្ទះរបស់ខ្លួន នៅពេលនោះ ស្ត្រីរងគ្រោះក៏បានសុំស្នាក់នៅផ្ទះជាមួយបុរសខាងលើ គ្រាន់បានមើលម្តាយចាស់ជរាឈឺក្រោយមកក៏បានយល់ព្រមឲ្យស្ត្រីខាងលើមកស្នាក់នៅផ្ទះជាមួយរហូតបាន ៨ខែដោយពុំបានរៀបការ ឬសែនព្រេននោះទេ ដោយមួយថ្ងៃៗមិនគិតនាំគ្នាធ្វើការ ឬរកស៊ីអីទេ គឺគិតតែនាំគ្នាទិញស្រាមកផឹកស៊ីរៀងរាល់ថ្ងៃ សូម្បីតែម្តាយចាស់ជរាអាយុ៧៦ឆ្នាំដេកឈឺនៅលើផ្ទះក៏មិនមើលរូបគាត់ដែរ ដោយពេលបាយម្តងៗបានអ្នកជិតខាងឲ្យបាយ១ចានសម្ល១ចានម្នាក់បានហូបជាប្រចាំថ្ងៃ ។
ប្រភពបន្តទៀតថា នៅយប់ថ្ងៃកើតហេតុ ប្តី-ប្រពន្ធខាងលើបាននាំគ្នាទៅទិញស្រា១លីត្រយកមកផឹកជាមួយគ្នានៅក្នុងផ្ទះដូចសពដង ខណៈពេលផឹកស្រាអស់១លីត្រក៏បាននាំគ្នាចូលដេកលក់អស់។ លុះព្រឹកឡើងវេលម៉ោង៥នាទីទៀបភ្លឺ បុរសជាប្តីបានស្រែកហៅជនរងគ្រោះឲ្យងើប តែមិនឃើញងើបក៏យកដៃទៅទាញ ស្រាប់តែដងខ្លួនមានសភាពរឹង ហើយបានភ្ញាក់ផ្អើលដល់អ្នកជិតខាង និងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញចុះមកកន្លែងកើតហេតុ ដើម្បីធ្វើរកោសល្យវិច័យ ក្រោយពីធ្វើពិនិត្យរួចមក ទើបដឹងថា ស្ត្រីខាងលើបានស្លាប់ដោយសារតែគាំងបេះដូងពិតប្រាកដមែន៕
https://youtu.be/gjZ04gPRCQs
មតិយោបល់