ព័ត៌មានជាតិ

រថយន្តដឹកកញ្ចក់ហ្រ្វាំងមិនជាប់ ជ្រុលទៅបុករថយន្ត ២គ្រឿងខាងមុខ បណ្តាលឲ្យរងការខូចខាតទាំង ៣គ្រឿង

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលរថយន្តចំនួន ៣គ្រឿង បុកបន្តកន្ទុយគ្នា បណ្តាលឲ្យរងការខូចខាតកាលពីវេលាម៉ោង ១០ព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ហេតុការណ៍ខាងលើកើតឡើងមានរថយន្ត ៣គ្រឿង ដែលបើកបុកគ្នានោះរួមមានទី១ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2I-2496 ដឹកកញ្ចក់បើកបុកពីក្រោយ ទី២ រថយន្តម៉ាក ហាយឡែនឌ័រ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2X-8609 និងទី៣ រថយន្តម៉ាក អ៊ីស៊ុយហ៊្សុយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AY-3137 បណ្តាលឲ្យរងការខូចខាតទាំង ៣គ្រឿង។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងគេឃើញរថយន្តទាំង ៣គ្រឿង បើកបរធ្វើដំណើរក្នុងទិសដៅស្របគ្នាពីលិចទៅកើត លុះពេលទៅដល់ត្រង់ចំណុចកើតហេតុដោយសារតែភ្លើងស្តុប ទើបរថយន្តខាងមុខគេម៉ាក រថយន្តអ៊ីស៊ុយហ៊្សុយបានឈប់ បន្ទាប់មករថយន្តម៉ាក ហាយឡែនឌ័រ ក៏បានឈប់នៅពីក្រោយដែរ ចំណែករថយន្តបង្កម៉ាក ហ៊ីយ៉ាន់ដាយដឹកកញ្ចក់ បើកលឿនអត់ព្រមឈប់ក៏ជ្រុលទៅបុកពីក្រោយរថយន្តហាយឡែនឌ័រ រុញផ្ទប់ពីក្រោយរថយន្តម៉ាក អ៊ីស៊ុយហ៊្សុយពេញទំហឹង បណ្ដាលឲ្យរងការខូចខាតទាំង ៣គ្រឿង ប៉ុន្តែរថយន្តហាយឡែនឌ័រខូចខាតខ្លាំងជាងគេ។

ក្រោយពេលកើតហេតុសមត្ថកិច្ច បានចុះទៅសម្រួលមិនឲ្យមានការកកស្ទះ រួចឲ្យភាគីទាំង៣ សម្របសម្រួលគ្នា។ ពេលនោះខាងម្ចាស់រថយន្ដដឹកកញ្ចក់ ដែលជាអ្នកបង្កហេតុបានចេញសំណងថ្លៃជួសជុលទៅខាងភាគីរថយន្តហាយឡែនឌ័រ និងអ៊ីស៊ុយហ៊្សុយបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្ដងព្រោះមិនចង់វែងឆ្ងាយ៕

មតិយោបល់