ព័ត៌មានជាតិ

ពូខ្ចីម៉ូតូគេឲ្យទៅទិញម្ហូប បែរជាបបួលសង្សារជាបុគ្គលិកមីហិរ យកទៅបញ្ចាំ!..

ភ្នំពេញៈ យុវតីវ័យក្មេងស្រស់ស្អាតម្នាក់ ពូខ្ចីម៉ូតូគេប្រើឲ្យទៅទិញម្ហូប បែរជាម៉ូតូនោះយកទៅបញ្ចាំជាមួយសង្សារ នៅផ្សារឃ្លាំងរំសេវបាត់២ថ្ងៃ ត្រូវម្ចាស់ម៉ូតូឃើញចាប់ឃាត់ខ្លួនប្រគល់ឲ្យនគរបាលចាត់ការតាមនិតិវិធី។

ហេតុការណ៍ឃាត់ខ្លួនបានកើតឡើងនៅ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ចំណុចភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

មន្ត្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា យុវតីយកម៉ូតូគេទៅបញ្ចាំរូបនោះមានឈ្មោះ ប.ព.ស អាយុ១៥ឆ្នាំ ស្នាក់នៅភូមទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ទីកន្លែងកំណើតភូមិ២ សង្កាត់បឹងកេងកង១ ខណ្ឌពោធិ៍សែនជ័យ។ និងសង្សារឈ្មោះ កុល សម្បត្តិ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរបុគ្គលិកមីហិរ នៅសង្កាត់ស្ទឹងមានជ័យ។ ចំណែកម្ចាស់ម៉ូតូឈ្មោះ ប៉ន ស៊ីណា អាយុ២៨ឆ្នាំ មុខរបរ ជាងសំណង់ ស្នាក់នៅក្នុងការដ្ឋានភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ស្រុកកំណើតនៅភូមិស្វាយ ឃុំអង្គររាជ ស្រុកព្រះស្តេច ខេត្តព្រៃវែង។ ម៉ូតូដែលគេយកទៅបញ្ចាំនោះម៉ាកសង់ សេ១២៥ សេរីឆ្នាំ២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BF-5043។

ប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ យុវតីជាជនសង្ស័យត្រូវបានពូរបស់នាងបានខ្ចីម៉ូតូរបស់ខ្លួនឲ្យយុវតីខាងលើដើម្បីទៅទិញម្ហូបកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ ចំណុចការដ្ឋានសំណង់កើតហេតុខាងលើ រួចហើយនាងក៏បានជិះម៉ូតូនោះទៅបាត់តែម្ដង។ ដោយយកទៅបញ្ចាំជាមួយសង្សាររបស់នាងនៅផ្សារឃ្លាំងរំសេវចំនួន២៥០ដុល្លារ ដើម្បីយកលុយនោះដើរលេងស៊ីចាយហ៊ឺហា។

ជនរងគ្រោះបានបន្តទៀតថា ពួកគេបានដើររកដែលជាជនសង្ស័យនោះស្រាប់តែឃើញនៅសង្កាត់ស្ទឹងមានជ័យរួចក៏ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ចោមចៅទី១ ជួយចាត់ការតាមនីតិវិធី។ ចំណែកឯសង្សាររបស់នាងបានកំពុងរត់គេចខ្លួន។

នៅក្រោយពេលឃាត់ខ្លួនយុវតីដែលជាជនសង្ស័យនោះបានព្រម ទទួលកំហុស នឹងនាំម្ចាស់ម៉ូតូទៅកន្លែងដែលខ្លួនមិនចាំនៅឃ្លាំងរំសេវដើម្បីលោះម៉ូតូនោះយកមកវិញ ហើយម្ចាស់ម៉ូតូក៏ព្រមដកពាក្យបណ្ដឹងឈប់ប្ដឹងយុវតីម្នាក់នោះនិងប្រគល់ឲ្យសមត្ថកិច្ចអប់រំតាមនីតិវិធី៕

មតិយោបល់