ព័ត៌មានជាតិ

អាសូរណាស់! បុរសវ័យចំណាស់ម្នាក់ លង់ទឹកស្លាប់ចោលប្រពន្ធ និងកូន

កណ្ដាលៈ នៅរសៀលម៉ោង ១ និង៣០នាទីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ មានករណីមនុស្សលង់ទឹកស្លាប់
នៅចំណុចកំពង់ទឹកមាត់ទន្លេភូមិជ្រោយពិសី ឃុំទឹកឃ្លាំង ស្រុកល្វាឯម ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោ ទេព ភិន ភេទ ប្រុស អាយុ ៥៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិឃុំកើតហេតុ។

សមត្ថកិច្ច បានឲ្យដឹងថា នៅព្រឹកថ្ងៃកើតហេតុ ប្រពន្ធជនរងគ្រោះ បានប្រើជនរងគ្រោះយកបាយឲ្យកូនប្រសារ និងដាក់ទឹកពោត នៅលើកោះ ដោយជនរងគ្រោះ បានដើរឆ្លងកាត់ទន្លេទឹកត្រឹម.ក ។

លុះដល់ម៉ោង ១ និង១៥នាទីរសៀល ឈ្មោះឆេង ប៊ុនយីន បានត្រឡប់មកពីចំការនៅដីកោះវិញ បានឃើញជនរងគ្រោះ បម្រុងដើរចុះឆ្លងទឹកទន្លេដែរ តែគាត់មិនបានចាប់អារម្មណ៍ លុះបានប្រហែល ៥នាទីក្រោយមក គាត់មិនបានឃើញ ជនរងគ្រោះទេ គាត់មានការសង្ស័យ ទើបគាត់អុំទូកមកសួរនាំប្រពន្ឋ ជនរងគ្រោះនៅឯផ្ទះ តែមិនបានឃើញ ជនរងគ្រោះ ភ្លាមនោះប្រពន្ធ និងឈ្មោះឆេង ប៊ុនយីន ក៏បាននាំគ្នាត្រឡប់ទៅរកជនរងគ្រោះវិញ នៅកន្លែងគាត់បានដើរឆ្លងទឹក ពេលទៅដល់ក៏បានឃើញជនរងគ្រោះលង់ទឹក ហើយក៏បានស្រង់ឡើង ធ្វើចលនាសង្គ្រោះដែរ តែជាអកុសលជនរងគ្រោះ បានស្លាប់បាត់ទៅហើយ។

បន្ទាប់មកបានយកសពជនរងគ្រោះមកផ្ទះ និងរាយការណ៍មកសមត្ថកិច្ចភូមិឃុំ។

ក្រោយទទួលបានដំណឹងភ្លាម កម្លាំងផ្នែកជំនាញ សហការជាមួយប៉ុស្តិ៍រដ្ឋបាលទឹកឃ្លាំង លោកមេឃុំ លោកគ្រូពេទ្យមណ្ឌលសុខភាពទឹកឃ្លាំង មេភូមិ ធ្វើការពិនិត្យសព ពុំឃើញមានស្លាកស្នាមអ្វីទេ ទើបប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់