ព័ត៌មានជាតិ

រថយន្តសណ្តោងធុនធំបុកកិននារីម្នាក់ កំពុងជិះកង់ បណ្ដាលឲ្យស្លាប់ពេលបញ្ជូនទៅសង្រ្គោះ

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យ ក្មេងស្រីម្នាក់រងរបួសធ្ងន់ធ្ងរ ដង្ហើមចង្រឹត ហើយបានស្លាប់ពេលដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ បង្កដោយរថយន្តសណ្តោងស៊ីទែនពោងស៊ីម៉ង់ត៍ បុកនិងកិនកង់ពេញទំហឹង។

បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៩និង២០នាទីព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅតាមផ្លូវបេតុង ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះ ភេទស្រី អាយុប្រហែល ២០ឆ្នាំ មានទីលំនៅភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជិះកង់ចេញពីផ្សារជម្ពូវ័ន ទិញឈាមជ្រូកបានហើយជិះកង់វិលទៅផ្ទះ តាមផ្លូវបេតុងទិសដៅពីត្បូងទៅជើងរហូតមក ដល់ចំណុចកើតហេតុ ឆ្លងផ្លូវ ស្រាប់តែរថយន្តធន់ធំម៉ាក CHENLONG ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3F-0739 សណ្តោងស៊ីទែនបើកពីជើងទៅត្បូងបុកកិនកង់ជនរងគ្រោះ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ រួចបានស្លាប់ពេលដឹកបញ្ជូនទៅសង្រ្គោះ ចំណែកអ្នកបើកបររថយន្ត ក្រោយពីកើតហេតុភ្លាមចុះរត់គេចខ្លួនបាត់ស្រមោល ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន និងជំនាញចុះដល់ទីតាំង និងប្រគល់សពជូនក្រុមគ្រួសារចាត់ចែងយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែករថយន្ត និងកង់ ត្រូវបានប្រគល់ឲ្យការិយាល័យចរាចរជើងគោកស្នងការក្រុង វាស់វែងយកទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ៕

មតិយោបល់