ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីយកដំបងវាយបុរសម្នាក់ បណ្តាលឲ្យសន្លប់បាត់ស្មារតី

កណ្ដាល: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នគរបាលស្រុកកណ្ដាលស្ទឹងធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីហិង្សារដោយចេតនា ក្រោយពីជនសង្ស័យរូបនេះ បានយកដំបងវាយទៅលើបុរសម្នាក់ រងរបួសរហូតដល់សន្លប់បាត់ស្មារតី ។ ករណីនេះបានកើតឡើងនៅថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ ២០២២ វេលាម៉ោង ១១និង៣០នាទី នៅចំណុចនៅភូមិ ឆ្មា ពួន ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។

យោងតាមរបាយការណ៍របស់ មន្ត្រីនគរបាលស្រុកកណ្ដាលស្ទឹង បានឲ្យដឹងថាជនរងគ្រោះ ឈ្មោះ កង ឡេវ ហៅ ឆៃ ភេទប្រុស អាយុ ៣៨ឆ្នាំ មានទីលំនៅភូមិប្រាយុទ្ធ ឃុំត្បែង ស្រុកត្បែង ខេត្តព្រះវិហារ ។ មុខរបរ បើកម៉ូតូកង់បី ។ (មិនដាក់ពាក្យបណ្ដឹងប្ដឹងផ្ដល់មកលើជនសង្ស័យឡើយ) ។ ជនសង្ស័យឈ្មោះ នៅ វិបុល ភេទប្រុស អាយុ៣៩ឆ្នាំ បច្ចុប្បន្នភូមិ ព្រែកអង្គុញ ឃុំ សៀមរាប ស្រុក កណ្ដាលស្ទឹង ខេត្ត កណ្ដាល ។ មុខរបរ លក់ដូរ (ឃាត់ខ្លួន)។ ដោយឡែកវត្ថុតាងចាប់យករួមមាន៖ ម៉ូតូ ០១ គ្រឿងម៉ាកហុងដា C125 ពណ៌ ខ្មៅ ស៊េរីឆ្នាំ ២០២១ ពាក់ផ្លាកលេខ កណ្ដាល 1 AK 0250 និងដំបងកូនឈើ ០១ ដើម ប្រវែង ១១០ សង់ទីម៉ែត្រ ។

ប្រភពដដែលបានបន្តថា នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ មុនពេលកើតហេតុជនសង្ស័យបានឲ្យប្រពន្ធ របស់ខ្លួនតេទូរស័ព្ទទៅជនរងគ្រោះ ដើម្បីមកនិយាយគ្នាឲ្យដាច់ស្រេចរឿង ជនរងគ្រោះ ធ្លាប់ចាប់ រំលោភប្រពន្ធរបស់ខ្លួនពេលនោះ ជនរងគ្រោះបានជិះផាស់ស្អាបមកជួបនឹងប្រពន្ធ ជនសង្ស័យនៅកន្លែង កើតហេតុខាងលើ ពេលជនរងគ្រោះជិះផាស់ស្អាបទៅជិតដល់ជនសង្ស័យ បានពួននៅក្បែរកន្លែងកើត ហេតុដោយទុកឲ្យប្រពន្ធរបស់ខ្លួនឈចាំតែម្នាក់ឯង ពេលជនរងគ្រោះមកដល់ប្រពន្ធរបស់ជនសង្ស័យ បានឲ្យលុយទៅអ្នកបើកបរផាស់ស្អាបរួច បានឈរជជែកគ្នាជាមួយជនរងគ្រោះ ហើយប្រពន្ធរបស់ជនសង្ស័យ បានប្រាប់ឲ្យជនរងគ្រោះ ចាំបន្តិចខ្លួនទៅបត់ជើងតូចភ្លាមនោះ ជនសង្ស័យបានដើរចេញ មកហើយ បានសួរទៅជនរងគ្រោះថា “ហេតុអីបានហ្អែងធ្វើចឹងដាក់ប្រពន្ធខ្ញុំ ឬចង់ឲ្យគ្រួសារខ្ញុំបែក បាក់គ្នា ” ពេលនោះជនរងគ្រោះបានតបវិញថា “ខ្ញុំខុសហើយបងៗបងចង់ធ្វើអីខ្ញុំធ្វើទៅ “ពេលនោះ ជនសង្ស័យបានវាយជនរងគ្រោះតែជនរងគ្រោះមិនតវិញទេ ឃើញដូចនោះប្រពន្ធរបស់ជនសង្ស័យបានស្រែក ឃាត់ប្តីរបស់គាត់កុំឲ្យវាយ តែជនសង្ស័យបានស្ទុះទៅកាច់មែកឈើនៅក្បែរនោះ វាយមកលើជនរងគ្រោះ បណ្តាលឲ្យដួលសន្លប់ទៅនឹងដីពេលនោះ ប្រជាពលរដ្ឋបានធ្វើដំណើរឆ្លងកាត់កន្លែងកើតហេតុឃើញ សកម្មភាពដូចនោះ ក៏រាយការណ៍ជូនសមត្ថកិច្ច ។

ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងប្រជាការពារ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជើងកើប បានចុះទៅដល់កន្លែងកើតហេតុ និងបានហៅរថយន្ដមន្ទីរពេទ្យ បង្អែកស្រុកកណ្ដាលស្ទឹង ដឹកជនរងគ្រោះទៅសំរាកព្យាបាល នឹងបានឃាត់ខ្លួនជនសង្ស័យ បញ្ជូនមកកាន់អធិការដ្ឋាននគរបាល ស្រុកកណ្ដាលស្ទឹង ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ៕

មតិយោបល់