ព័ត៌មានជាតិ

រថយន្តពីរគ្រឿងបុកគ្នាពេញទំហឹង បណ្តាលឲ្យធ្លាក់ប្រឡាយរងរបួសធ្ងន់ម្នាក់

កណ្តាល: យោងតាមផេក ប៉ុស្តិ៍នគរបាលរដ្ឋបាល ឈើទាល ស្រុកកៀនស្វាយ បានឲ្យដឹងថា នៅថ្ងៃអាទិត្យ ៤រោចខែ អាសាឍ ឆ្នាំ ខាល ចក្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១៣និង៤០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយករណីកើតឡើង រវាងរថយន្ត និងរថយន្ត បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ នៅលើចំណុចផ្លូវ៦០ម៉ែត្រថ្មី ស្ថិតក្នុងភូមិព្រែកស្វាយ២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

សភាពរឿងហេតុ៖ នៅវេលាម៉ោងកើតហេតុខាងលើ មានរថយន្តក្រឡុកស៊ីម៉ងត៍ មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ AT22 (5-0279) បើកបរដោយឈ្មោះ ឆន ឆាំ អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ភេទប្រុស មុខរបរអ្នកបើករថយន្ត មានទីលំនៅខេត្តត្បូងឃ្មុំ (គេចខ្លួន) បើកបរទិសដៅពីជើងទៅត្បូង ។ លុះមកដល់ចំណុចកើតហេតុ ក៏មានរថយន្តមួយគ្រឿងម៉ាក់កូរ៉េ ១តោន ពណ៌ខៀវ ពាក់ស្លាកលេខក្រុងព្រះសីហនុ 2A 2306 បើកបរដោយឈ្មោះ ឈិត ប៉ូរ៉េត ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកបើករថយន្តមានទីលំនៅភូមិ កណ្តាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ទិសដៅពីត្បូងទៅជើង (ទិសដៅផ្ទុយគ្នា) បានរ៉េចង្កូតទៅបុករថយន្តក្រឡុកស៊ីម៉ងត៍ បណ្តាលឲ្យរថយន្តកូរ៉េធ្លាក់ទៅប្រឡាយក្បែរចិញ្ចើមផ្លូវ រីឯអ្នកបើករថយន្តកូរ៉េរងរបួសធ្ងន់ ។ ពេលសមត្ថកិច្ចចុះដល់កន្លែងកើតហេតុ បានហៅរថយន្តមណ្ឌលសុខភាពឃុំ ដឹកជនរងគ្រោះខាងលើ បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យភ្នំពេញ ៕

មតិយោបល់