ពោធិ៍សាត់ៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កាលពីថ្ងៃចន្ទ ៥រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ២០និង១៥នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍បើកម៉ូតូបុកខឿនចែកទ្រូងផ្លូវ (ខឿនកណ្តាល) បណ្ដាលឲ្យបុរស០១នាក់ស្លាប់ និងស្រ្តី០១នាក់រងរបួសស្រាល។ ហេតុការណ៍នេះកើតឡើងនៅលើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រ លេខ១៤៥-១៤៦ស្ថិតនៅភូមិត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះទៅពិនិត្យដល់កន្លែងកើតហេតុ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខបាត់ដំបង 1AD-1505 បើកបរដោយឈ្មោះ ស៊ិន រដ្ឋា ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិផ្សារ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោសាត់(ស្លាប់ពេលបញ្ជូនទៅសង្រ្គោះ និងអ្នករួមដំណើរឈ្មោះ ភុន កញ្ញា ភេទស្រី អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឃុំជាមួយគ្នា(រងរបួសស្រាល) ធ្វើចរាចរណ៍ពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ បានជិះម៉ូតូបុកខឿនចែកទ្រូងផ្លូវ (ខឿនកណ្តាល) យ៉ាងពេញទំហឹងបណ្ដាលឲ្យដួលខ្លួនឯង រីឯជនរងគ្រោះត្រូវបានសមត្ថកិច្ចនិងក្រុមគ្រូពេទ្យបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យក្រុងភ្នំពេញ។
លោកវរសេនីយ៍ទោ សារឿន សារ៉ាវុធ អធិការនគរបាលស្រុកក្រគរស្ដីទីបានឲ្យដឹងថា បន្ទាប់ពីកម្លាំងនគរបាលជំនាញចរាចរណ៍បានចុះទៅពិនិត្យ និងធ្វើការវាស់វែងរួចហើយបានសន្និដ្ឋានថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាលមកពីកត្តាល្បឿន និងអ្នកបើកបរម៉ូតូខ្វះការប្រុងប្រយ័ត្ន។ ចំពោះម៉ូតូសមត្ថកិច្ចបានយកមករក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្បាលត្រាចជាបណ្តោះអាសន្ន ៕
មតិយោបល់