ព័ត៌មានជាតិ

បុរសម្នាក់បើករថយន្តហាយឡាក់រីវ៉ូ បុកម៉ូតូហុងដាឌ្រីម បណ្ដាលឲ្យរងរបួសធ្ងន់២នាក់

ភ្នំពេញ: កាលពីវេលាម៉ោង០៩និង០០នាទីយប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តហាយឡាក់រីវ៉ូ មួយគ្រឿង បើកបត់ឆ្លងផ្លូវខ្លះការប្រុងប្រយ័ត្ន ជ្រុលទៅបុកម៉ូតូហុងដាឌ្រីម មួយគ្រឿងពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់និងស្ត្រីម្នាក់រងរបួសធ្ងន់ ទីតាំងស្ថិតតាមបណ្ដោយផ្លូវ៥៩៨ កែងនឹងផ្លូវ៣២៧ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នពេញ ។

នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ បើកបររថយន្តមួយគ្រឿងម៉ាក ហាយឡាក់រីវ៉ូ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BE-0036 ធ្វើដំណើរតាមបណ្ដោយផ្លូវ៥៩៨ ទិសដៅពីជើងទៅត្បូង ពេលមកដល់ចំណុចកើតហេតុ បានបត់ឆ្វេងឆ្លងទៅផ្លូវ៣២៧ ពេលនោះបត់បានពាក់កណ្ដាលផ្លូវ ក៏ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីមស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខបន្ទាយមានជ័យ 1I-6763 ជិះដោយប្តីប្រពន្ធមួយគូ ក្នុងទិសដៅបញ្រ្ចាសគ្នាជាមួយរថយន្ត រួចក៏ជ្រុលទៅបុកចំពីមុខរថយន្តពេញទំហឹង បណ្តាលឲ្យបុរសជាប្តីរងរបួសបាក់ភ្លៅខាងឆ្វេង និងស្ត្រីជាប្រពន្ធសន្លប់ស្តូកស្តឹក រីឯម៉ូតូបានរងការខូចខាតផ្នែកខាងមុខ ចំណែករថយន្តបានរងការខូចខាតយ៉ាងដំណំ ដោយឡែកអ្នកបើកបររថយន្តបានចុះគេចខ្លួនបាត់ស្រមោល ។ បន្ទាប់ពីកើតហេតុ ជនរងគ្រោះ ត្រូវបានគេដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះបន្ទាន់ផងដែរ ។

នៅក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះវាស់វែង យករថយន្តនិងម៉ូតូទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីរង់ចាំធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់បន្តទៀត ៕

មតិយោបល់