ព័ត៌មានជាតិ

ឃាត់ខ្លួនមុខសញ្ញាប្រើសារធាតុញៀន តែងរករឿងវាយដំប្រពន្ធញឹកញាប់ ហើយគំរាមថាប្រយ័ត្នឡានពេទ្យមកជួយមិនទាន់

កណ្ដាល: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ជនសង្ស័យជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន និងផឹកស្រាជាប្រចាំម្នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ករណីហិង្សាដោយចេតនា ក្រោយពីវាយដំរករឿងប្រពន្ធញឹកញាប់ ទោះជាសមត្ថកិច្ចអប់រំច្រើនលើកច្រើនសាក៏ដោយ ។ ករណីនេះ បានកើតឡើងនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១៩និង០០នាទី ចំណុចភូមិឃ្លាំងមឿងជើង ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល ។

មន្ត្រីនគរបាលស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សំណាង ស្រីនិត ភេទស្រី អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិ ឃុំកើតហេតុ (ត្រូវជាប្រពន្ធ) ។ ចំណែកជនសង្ស័យឈ្មោះ តឿ ទីន ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិ-ឃុំកើតហេតុ (ត្រូវជាប្ដី) ។

ប្រភពដដែលបន្តថា កន្លងមកជនសង្ស័យបានប្រើប្រាស់ថ្នាំញៀន និងផឹកស្រាជាប្រចាំ លុះផឹកស្រវឹងម្ដងៗ ជនសង្ស័យតែងតែឈ្លោះ ជេរប្រមាថ និងប្រើអំពើហិង្សាវាយលើជនរងគ្រោះ ហើយត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកអំពិល ធ្វើកិច្ចសន្យា អប់រំ ណែនាំ ជាច្រើនលើកមកហើយ ។ លុះមកនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ១៩និង០០នាទី ជនសង្ស័យបានផឹកស្រាស្រវឹង មាត់ឡូឡារករឿងជនរងគ្រោះជាប្រពន្ធ ហើយជនសង្ស័យបានធាក់ជញ្ជាំងផ្ទះ ធ្វើអំពីស័ង្កសី និងយកកូនធុងទឹកគប់ជញ្ជាំងផ្ទះធ្វើពីស័ង្កសី បណ្ដាលឲ្យមានស្នាមប៉ោង ហើយគំរាមថា ហែងប្រយ័ត្នឡានពេទ្យមកជួយមិនទាន់ រួចស្ទុះមកវាយជនរងគ្រោះ តែជនរងគ្រោះបានគេចផុត ។ បន្ទាប់មកជនរងគ្រោះ បានបង្ហោះសារព្រមទាំងរូបភាព តាមបណ្ដាសង្គមហ្វេសប៊ុក សុំឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ ចាប់ខ្លួនជនសង្ស័យអនុវត្តទៅតាមផ្លូវច្បាប់ ។

រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអំពិល បានឃាត់ខ្លួនជនសង្ស័យ បញ្ជូនមកអធិការរដ្ឋានគរបាលស្រុកខ្សាច់កណ្តាល បន្តចាត់ការតាមនីតិវិធី ៕

មតិយោបល់