ព័ត៌មានជាតិ

រថយន្តស៊េរីទំនើបពីរគ្រឿងបុកគ្នាពេញទំហឹង ខ្ទាតជ្រុលទៅបុកដើមឈើនិងផ្ទះពលរដ្ឋ បណ្តាលឲ្យខ្ទេចរងការខូចខាតធ្ងន់ធ្ងរ

ភ្នំពេញៈ នៅវេលាម៉ោង១និង៥០នាទីយប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តស៊េរីទំនើបម៉ាក RANGE ROVER មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខកម្ពុជា CAR.LIF7 បុកគ្នាពេញទំហឹងជាមួយរថយន្តស៊េរីទំនើបម៉ាក TOYOTA RALLY មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BB-7401បណ្តាលឲ្យខ្ទាតជ្រុលទៅបុកដើមឈើ ខ្ទេចរងការខូចខាតធ្ងន់ធ្ងរ ទីតាំងស្ថិតតាមបណ្តោយផ្លូវ៤៣០ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

ដំណើររឿងហេតុ៖ នៅមុនពេលកើតហេតុ គេឃើញរថយន្តស៊េរីទំនើបម៉ាក RANGE ROVER មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជា CAR.LIF7 បើកបរធ្វើដំណើរតាមបណ្តោយផ្លូវ៤៣០ ។ លុះពេលបើកបរធ្វើដំណើរមកដល់ ត្រង់ចំណុចកើតហេតុផ្លូវបែកជា បួន ស្រាប់តែមានរថយន្តស៊េរីទំនើបមួយគ្រឿងទៀតម៉ាក TOYOTA RALLY ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BB-7401 បានបុកគ្នាពេញទំហឹង បណ្តាលឲ្យរថយន្តទាំងពីរគ្រឿង គឺមួយគ្រឿងបានខ្ទាតទៅបុកផ្ទប់ដើមឈើ និងមួយគ្រឿងទៀតបានខ្ទាត ទៅបុកផ្ទះបងប្អូនប្រជាពលរដ្ឋ និងខ្ទេចរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ។

នៅក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញផ្នែកខាងចរាចរណ៍ នៅក្នុងមូលដ្ឋានបានចុះទៅអន្តរាគមន៍ ដើម្បីពិនិត្យមើលហេតុការណ៍នេះ ។ បន្ទាប់មកបានធ្វើការវាស់វែង យករថយន្តស៊េរីទំនើបទាំងពីរគ្រឿង ទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីរង់ចាំឲ្យភាគីទាំងពីរ ធ្វើការដោះស្រាយគ្នានៅពេលក្រោយ ទៅតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់