ព័ត៌មានជាតិ

យុវជនមួយក្រុមជុំគ្នាអង្គុយផឹកស៊ីនៅផ្លូវដែក ត្រូវរថភ្លើងបើកកិនដាច់ដៃជើង បណ្តាលឲ្យរបួសធ្ងន់ស្រាល៣នាក់

ភ្នំពេញ: កាលពីយប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ មានករណីយុវជនប្រុសស្រីមួយក្រុម មកអង្គុយជុំគ្នាផឹកស៊ីសប្បាយ នៅលើផ្លូវដែក ត្រូវរថភ្លើងបើកកិនបណ្តាលឲ្យរបួសធ្ងន់ស្រាល៣នាក់ ក្នុងនោះមានស្រ្តីម្នាក់ដាច់ដៃជើង រងរបួសធ្ងន់ បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ទីតាំងស្ថិតក្នុងភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ដំណើររឿងហេតុ៖ នៅមុនពេលកើតហេតុ នាពេលយប់ គេឃើញយុវជនប្រុសស្រីវ័យក្មេងមួយក្រុម ដែលមានគ្នាចំនួន០៣នាក់ បានប្រមូលផ្តុំជួបជុំគ្នាមកអង្គុយផឹកស៊ីយ៉ាងសប្បាយរីករាយ នៅត្រង់ចំណុចផ្លូវដែក ហើយបានស្រវឹងជោកជាំរៀងៗខ្លួន ។ លុះដល់វេលាកើតហេតុ មានរថភ្លើងធ្វើដំណើរជិតមកដល់ កន្លែងជនរងគ្រោះកំពុងតែអង្គុយផឹកស៊ីនោះ រថភ្លើងបានបើកភ្លើងហ្វា និងស៊ីប្លេខ្លាំងៗជាច្រើនដង ។ ប៉ុន្តែយុវជនមួយក្រុមនេះ មិនក្រោកឡើងដើរចាកចេញពីកន្លែងកើតហេតុនោះឡើយ ។ លុះរថភ្លើងបើកមកដល់ ក៏បានកិនយុវជនទាំងនោះ បណ្តាលឲ្យរងរបួសធ្ងន់ស្រាលចំនួន០៣នាក់ ក្នុងនោះមានស្រ្តីម្នាក់បានដាច់ដៃ ដាច់ជើងរងរបួសធ្ងន់ ។

នៅក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចនៅក្នុងមូលដ្ឋាន បានចុះទៅដល់ទីតាំងកន្លែងកើតហេតុ ដើម្បីពិនិត្យមើលហេតុការណ៍ បន្ទាប់មកបានហៅរថយន្តដឹកជនរងគ្រោះទាំង៣នាក់ខាងលើនោះ ទៅកាន់មន្ទីរពេទ្យភ្លាមៗ ដើម្បីជួយសង្គ្រោះអាយុ
ជីវិត ៕

មតិយោបល់