ភ្នំពេញៈ កាលពីវេលាម៉ោងប្រហែលជាង ១១យប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ មានករណីសង្ស័យរថយន្តមិនចាំម៉ាកមួយគ្រឿង បុកម៉ូតូម៉ាកធូដេរ បណ្ដាលឲ្យស្ត្រីម្នាក់រងរបួសធ្ងន់ធ្ងរ ក្រោយមកបានស្លាប់នៅមន្ទីរពេទ្យ ហេតុការណ៍នេះ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ដំណើររឿង៖ មុនពេលកើតហេតុជនរងគ្រោះ ចេញពីធ្វើការរោងចក្រជិះម៉ូតូតាមបណ្ដោយផ្លូវជាតិលេខ២ ស្រាប់តែមកដល់ចំណុចកើតហេតុ សង្ស័យមានរថយន្តមិនចាំម៉ាកមួយគ្រឿង បានបុកម៉ូតូ បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ និងក្រោយមកស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ ដោយបន្សល់ទុកកូនប្រុសអាយុ ៨ឆ្នាំម្នាក់ឲ្យកំព្រា បន្ទាប់ពីកើតហេតុភ្លាមៗ មិនទាន់រកឃើញសាច់ញាតិទេ លុះរហូតមកដល់វេលាម៉ោងប្រហែល ៧ព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ ទើបក្រុមគ្រួសារទទួលបានដំណឹង។
ករណីនេះ ម្ដាយជនរងគ្រោះបានមកដល់ គ្រាន់តែចុះពីក្នុងរថយន្ត យំរហូតសន្លប់បាត់ស្មារតី។
ក្រោយពីកើតហេតុសមត្ថកិច្ច បានធ្វើកំណត់ហេតុរួច ប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ចំពោះករណីខាងលើ សាច់ញាតិជនរងគ្រោះ បានសំណូមពរដល់សមត្ថកិច្ចជំនាញ ឲ្យលោកជួយស្វែងរករថយន្តបង្ក មកទទួលខុសត្រូវ និងផ្ដន្ទាតាមច្បាប់៕
មតិយោបល់